សន្ដិសុខសង្គម

អាជ្ញាធរនិងសមត្ថកិច្ច ៖ កុំយកលេសធ្វើបាតុកម្មដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ

ដោយ : បន្ទាយ
ភ្នំពេញ.: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសគឺនៅរាជធានីភ្នំពេញ ។

នេះបើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ ។

ក្នុងនោះ ពីដំបូងមានតម្រុយថា ព្រឹត្តិហេតុនោះ អាចធ្វើឡើងនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ នេះ។ ប៉ុន្តែគម្រោងនោះ បានបរាជ័យហើយ ដោយគេដឹងព័ត៌មានតាំងពីមុននិងម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានត្រៀមលក្ខណ:ទប់ស្កាត់ បង្ក្រាបនិងកម្ទេច។

ទោះយ៉ាងណា បញ្ហានេះ កងកម្លាំងក៏នៅតែប្រុងជើងការនិងប្រចាំការឆ្លើយតបសភាពការណ៍វិវត្តន៍បន្តទៀត។

ហេតុនេះ ក្នុងគោលដៅទ្រោលសភាពការណ៍នេះ ក៏ដូចជាបង្ការ ទប់ស្កាត់ក្រែងមានជនឱកាសនិយមបន្លំ ប្រព្រឹត្តឬបង្កបាតុភាពអវិជ្ជមាននោះ ទើបអាជ្ញាធរមានសមត្ថកិច្ច រួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានព្រមានថា ” កុំយកលេសធ្វើបាតុកម្មដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ ។ បើហ៊ាននឹងត្រូវបង្ក្រាបភ្លាមៗ មិនអោយគេចផុតពីសំណាញ់ច្បាប់ឡើយ ” ៕