សេដ្ឋកិច្ច

ទីភ្នាក់ងារកយកា បានរៀបចំវគ្គតម្រង់ទិសមុនចេញដំណើររបស់មន្ត្រីរាជការកម្ពុជាចំនួន៣០រូប សម្រាប់កម្មវិធីអាហារូបករណ៍ KOICA (CIAT) នៅសាធារណរដ្ឋកូរ៉េ

ដោយ៖ សិរីមតី

ភ្នំពេញ៖ ការិយាល័យកយកា ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការកម្ពុជា មកពីក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីតម្រង់ទិសនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី KOICA Fellowship Program (CIAT) ដែលគាំទ្រក្រសួងក្រសួងបរិស្ថានលើវគ្គ “ការបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីសេដ្ឋកិច្ចវិលជុំតាមរយ:ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។” និងគាំទ្រក្រសួងអប់រំ យុវជន និងកីឡាលើវគ្គ “ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនលើការផ្សារភ្ជាប់កម្មវិធីសិក្សា និងរង្វាយតម្លៃឆ្លើយតបនឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស”។

វគ្គតម្រង់ទិសមុនពេលចេញដំណើរត្រូវបានរៀបចំឡើងដើម្បីធានាថា មន្ត្រីរាជការត្រូវបានត្រៀមខ្លួនយ៉ាងល្អដើម្បីប្រឈមមុខនឹងភាពខុសគ្នាខាងវប្បធម៌ និងសង្គមដែលពួកគេអាចជួបប្រទះក្នុងអំឡុងពេលសិក្សា និងហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង និងវប្បធម៌ ជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងការយល់ដឹងអំពីការរំពឹងទុកនៃការសិក្សា កម្មវិធីតម្រង់ទិសនេះក្លាយជាជំហានឆ្ពោះទៅរកបទពិសោធន៍ជោគជ័យ និងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីរាជការ។

ជាមួយនឹងបេសកកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) នៅក្នុងប្រទេសដៃគូ ទីភ្នាក់ងារកយកា បានអញ្ជើញអ្នកដែលមានទេពកោសល្យពីប្រទេសកម្ពុជា និងជួយពួកគេឱ្យទទួលបាននូវចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីអាហារូបករណ៍របស់ KOICA (CIAT) គឺជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេរបស់ប្រទេសកូរ៉េ។ តាមរយៈកម្មវិធី ទីភ្នាក់ងារKOICA តែងតែអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលលើវិស័យផ្សេងៗ ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានៃការអភិវឌ្ឍន៍របស់ប្រទេសកូរ៉េ។

ដើម្បីសម្រេចបេសកកម្មនេះ KOICA បាននិងកំពុងដំណើរការកម្មវិធីអាហារូបករណ៍ផ្សេងៗ។ សម្រាប់ឆ្នាំ ២០២៤ មានមន្ត្រីរាជការជាង ១៤០នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី។ នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាល មន្ត្រីទាំង ១៥នាក់ មកពីក្រសួងបរិស្ថាន រំពឹងថានឹងទទួលបានសមត្ថភាព លើការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ ម្យ៉ាងទៀតមន្ត្រីទាំង១៥រូប មកពីក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រឹងជំនាញរបស់ខ្លួន ក្នុងការវាយតម្លៃការងារសិក្សារបស់សិស្ស ដោយផ្អែកលើកម្មវិធីសិក្សាជាតិ។

មន្ត្រីដែលបានបានចូលរួមវគ្គតម្រង់ទិសមុនចេញដំណើរបានបង្ហាញពីការអរគុណរបស់ពួកគេ និងធានានូវការគាំទ្ររបស់ពួកគេចំពោះទីភ្នាក់ងារKOICA និងរដ្ឋាភិបាលកូរ៉េ ហើយបានប្តេជ្ញានាំយកនូវអ្វីដែលពួកគេនឹងរៀនពីប្រទេសកូរ៉េ ដើម្បីជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤ មកកម្មវិធីអាហារូបករណ៍ KOICA បានគាំទ្រដល់មន្ត្រីរាជការកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៣,៧៧៣ នាក់ ក្នុងគម្រោងជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលជាប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ ទីភ្នាក់ងារKOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕