អន្តរជាតិ

មហាអំណាចនុយក្លេអ៊ែររុស្ស៊ីរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់ដែលអ៊ុយក្រែនវាយលុកចូល

ប្រែសម្រួល៖រតនា

KYIV៖ កាលពីថ្ងៃសៅរ៍ ទី១០ សីហាកងយោធារុស្ស៊ីបានប្រកាសនូវអ្វីដែលខ្លួនហៅថាប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែន។ ការវាយទម្លុះឆ្លងព្រំដែនរបស់កងយោធាអ៊ុយក្រែននៅក្នុងសប្តាហ៍នេះបានបង្ហាញឲ្យឃើញនូវសភាពការដែលងាយរងគ្រោះផ្នែកយោធាសម្រាប់កងយោធារុស្សីបើគិតចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនអស់រយៈពេល ២ ឆ្នាំកន្លះកន្លងមក។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ការប្រយុទ្ធគ្នានៅកំពុងតែបន្តក្នុងតំបន់ Kursk ហើយថា កងទ័ពបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន រួមទាំងការប្រើគ្រាប់បែក thermobaric ដែលបណ្តាលឲ្យមានរលកបំផ្ទុះយ៉ាងខ្លាំងនៅតាមគោលដៅជួរមុខ។

វិធានការរឹតបន្តឹងសន្តិសុខត្រូវបានប្រកាសអនុវត្តសម្រាប់តំបន់ Kursk និងតំបន់ Belgorod និង Bryansk ដែលនៅជាប់នឹងព្រំដែនអ៊ុយក្រែនដោយរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋរុស្សីផ្លាស់ប្តូរទីលំនៅនិងធ្វើទំនាក់ទំនងតាមទូរសព្ទ និងប្រើប្រាស់រថយន្តការវាយឆ្មក់ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារបានវាយទម្លុះព្រំដែលរុស្សីបង្កឲ្យមានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាដែលអាចនឹងរីករាលដាលលើសពីប្រទេសអ៊ុយក្រែន។

ប្រទេសបេឡារុស្សដែលជាអ្នកជិតខាងរុស្សីនិងអ៊ុយក្រែន ជាកន្លែងដែលកងទ័ពរុស្ស៊ីដាក់ពង្រាយជាមួនិងកងទ័ពបេឡារុស្ស ប៉ុន្តែពួកគេមិនបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុទឹកដីងអ៊ុយក្រែននោះទេ។ កាលពីថ្ងៃសៅរ៍ប្រធានាធិបតី Alexander Lukashenko បាននិយាយការពារដែនអាកាសរបស់ខ្លួនថាបានបាញ់ទម្លាក់វត្ថុដែលមិនបានបញ្ជាក់អត្តសញ្ញាណដែលបានបាញ់ចេញពីទឹកដីអ៊ុយក្រែនមកលើទឹកដីរបស់ខ្លួន។

“ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​អ៊ុយក្រែន​ត្រូវ​ការ​បង្កហេតុជាមួយយើងរឿងនេះយើងត្រូវដោះស្រាយវាឲ្យជ្រះស្រឡះដូចដែលខ្ញុំធ្លាប់បាននិយាយកាលពីមុនមកហើយថាយើងបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ការបង្កហេតុណាមួយនោះវាមិនអាចនិងមិនឲ្យយើងធ្វើការឆ្លើយតបនោះទេ” នេះបើយោងតាមការដកស្រង់សំដីរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta របស់ប្រទេសបេឡារុស្ស។

អាជ្ញាធរអ៊ុយក្រែនបានអះអាងថា កាំជ្រួចដែលបាញ់ដោយយន្តហោះរុស្ស៊ី បានធ្លាក់ចូលទៅក្នុងផ្សារទំនើបរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និង ៤៤ នាក់ផ្សេងទៀតរងរបួស។

លោក Vadym Filashkin អភិបាលប្រចាំតំបន់ Donetsk បាននិយាយនៅក្នុងសារបង្ហោះលើ Telegram ថា “នេះគឺជាការវាយប្រហារលើគោលដៅមួយផ្សេងទៀត ទៅលើកន្លែងដែលមានមនុស្សច្រើនវាជាអំពើភេរវកម្មបង្កឡើងដោយរុស្ស៊ី”។

វាជាការវាយប្រហារ​លើក​ទី​ពីរ​មកលើ​ទីប្រជុំជននៅក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ដែលនៅក្នុងពេលនោះមានកាំជ្រួច​រុស្ស៊ី​មួយ​គ្រាប់​បាន​វាយ​ប្រហារមកលើ​ផ្នែកខាងក្រៅផ្សារទំនើបនិងបាន​សម្លាប់​មនុស្សអស់ ១៧ នាក់​។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ចាប់តាំងពីខែតុលាឆ្នាំ ២០២២រហូតដល់ខែកក្កដា២០២៤ ចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែនមានច្រើនគួឲ្យកត់សម្គាល់។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា អំពើហិង្សាទាក់ទងនឹងជម្លោះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២១៩ នាក់ និងរបួស ១, ០១៨នាក់នៅក្នុងរយៈពេលត្រឹមមួយខែ។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងកម្លាំងសម្រាប់ពង្រឹងសន្តិសុខកំពុងត្រូវបានបញ្ជូនទៅកាន់ Kursk ដើម្បីទប់ទល់នឹងការវាយឆ្មក់របស់អ៊ុយក្រែន ដោយរុស្ស៊ីបានដាក់ពង្រាយកាំជ្រួចរ៉ុក្កែតជាច្រើន កាំភ្លើងធំដែលអូស រថក្រោះដឹកតាមរថយន្តសណ្តោង។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ពីការប្រយុទ្ធគ្នានៅជាយក្រុង Sudzha ចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីព្រំដែនដែលជាបណ្ដុំបំពង់បង្ហូរប្រេងដ៏សំខាន់សម្រាប់ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុប។

មាន​ព័ត៌មាន​គួរ​ដ៏ឲ្យ​ទុក​ចិត្តបាន​តិច​តួច​អំពី​ប្រតិបត្តិការ​អ៊ុយក្រែន​ក្នុង​យុទ្ធសាស្ត្រ​​មិន​ច្បាស់​លាស់។មន្ត្រីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយពីការវាយទម្លុះព្រំដែនដែលកំពុងកើតឡើងប្រហែល ចម្ងាយ៥០០ គីឡូម៉ែត្រ នៃភាគនិរតីនៃពីទីក្រុងម៉ូស្គូ។

នៅពេលសួរមន្ត្រីអ៊ុយក្រែនអំពីការវាយទម្លុះព្រំដែនរបស់កងយោធាអ៊ុយក្រែន អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក “កំពុងទាក់ទងជាមួយសមភាគីអ៊ុយក្រែនរបស់យើងដើម្បីសុំការបញ្ជាក់ឲ្យបានច្បាស់លាស់” ប៉ុន្តែគាត់នឹងមិនធ្វើអត្ថាធិប្បាយរហូតដល់ “ការសន្ទនាអំពីបញ្ហាទាំងអស់នោះត្រូវបានបញ្ចប់” ។

លោក John Kirby បាននិយាយនៅពេលត្រូវបានសួរអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីការប្រើប្រាស់អាវុធថា “មិនមានការផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តគោលនយោបាយរបស់យើងទេ” ។ “ពួកគេកំពុងប្រើវានៅក្នុងតំបន់ដែលយើងបាននិយាយពីមុនថា ពួកគេអាចប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារឆ្លងព្រំដែនក្នុងគោល​ដៅ​​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន”។

អ្នកវិភាគនៅ Chatham House ក្នុងទីក្រុងឡុងដ៍ Mathieu Boulegue បាននិយាយថាយោធាអ៊ុយក្រែនហាក់ដូចជាមានគោលដៅច្បាស់លាស់ បើទោះបីជាពួកគេមិនបានបញ្ជាក់ថាគោលដៅទាំងនោះគឺវាជាអ្វីក៏ដោយ។

Boulegue បានប្រាប់សារព័ត៌មាន The Associated Press ថា “ការវាយបកបែបនេះគឺជាការឆ្លើយតបទៅនឹងគោលដៅយោធាច្បាស់លាស់” ។ លោកបាននិយាយផងដែរថា ការវាយឆ្មក់នេះបានធ្វើឲ្យសាធារណជនរុស្ស៊ីមានការងឿងឆ្ងល់ និងជាការទះកំផ្លៀងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ៕

ប្រភព៖ AP/fs