ដោយ : បន្ទាយ
សៀមរាប ៖បើគ្មានអ្វីប្រែប្រួលទេ ពិធីប្រកាសចូលកាន់មុខតំណែង ផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរស័ក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងអញ្ជើញជាអធិបតីភាព ។
ចំណែកប្រកាសស្ដីពីការតែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានលេខ២០៣តត ០៧២៤ របស់នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អត្តលេខ១៩៦៧៤៤ ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មកជាមេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញា ពោលគឺនាយទាហានវ័យក្មេង២រូបនេះ បានប្តូរមុខតំណែង កៅអីនិងកន្លែងធ្វើការគ្នាតែម្តង ដោយគ្រាន់តែលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត ថយចុះពីមេបញ្ជាការមកជាមេបញ្ជាការរង។
ដ្បិតអីបច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រីសៀ ទីន ជាមេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
នេះបើតាមប្រភពព័ត៌មានពីកងរាជអាវុធហត្ថខេត្តសៀមរាបនិងរាជធានីភ្នំពេញ អោយដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំងជាមេបញ្ជាការថ្មីកងរាជអាវុធហត្តខេត្តសៀមរាប ហើយផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាមេបញ្ជាការចាស់ ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាកូនប្រុសច្បងរបស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការកងរាជអាវុធហត្ថរាធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯកប៉ោ វណ្ណ: មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងដ៏យូរលង់ ។
សូមរំលឹកថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំងមុខតំណែងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាប។
ចំណែកព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤ ឡាយព្រះហស្ដលេខាដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី ក្នុងនោះមានលោកឧត្តមសេនីយ៍ត្រីសៀ ទីន នេះផងដែរ ៕