អន្តរជាតិ

អ៊ុយក្រែននឹងបញ្ជូនឆ្កែរ៉ូបូតទៅកាន់សមរភូមិជួរមុខជាមួយរុស៊្សី

ដោយ៖សហការី

កងយោធាអ៊ុយក្រែនបានឲ្យដឹងថាខ្លួននឹងបញ្ជូនឆ្កែរ៉ូបូតទៅកាន់សមរភូមិជួរមុខជាមួយរុស៊្សីនៅក្នុងពេលឆាប់ៗនេះ សម្រាប់បំពេញបេសកកម្មជំនួសឲ្យទាហាននៅក្នុងតំបន់ដ៏គ្រោះថ្នាក់ ដូចជាការស៊ើបការណ៍រកលេណដ្ឋានកងទ័ពរុស្ស៊ី ឬការរុករកមីនជាដើម។

នៅក្នុងមូលដ្ឋានមួយដែលគេមិនបញ្ចេញឈ្មោះឆ្កែរ៉ូបូតដែលគេស្គាល់ថាជាសេរី “BAD One” បានហ្វឹកហាត់សមដូចជាហាត់ក្រោកឈរ ក្រាប រត់ លូននិងលោតតាមការបញ្ជាដែលបញ្ជូនដោយប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិរបស់វា។

ផលិតករបានអះអាងថាវាមានភាពរហ័សរហួន ពួកវាអាចក្លាយជាសម្ព័ន្ធមិត្តដែលមិនអាចកាត់ថ្លៃបាននៅលើសមរភូមិជួរមុខសម្រាប់ជួយគាំទ្រដល់កងទ័ពអ៊ុយក្រែនដែលជាកម្លាំងមនុស្សដើម្បីទប់ទល់នឹងរុស្ស៊ី។

សត្វឆ្កែរ៉ូបូតអាចរុករកលេណដ្ឋានសត្រូវ ឬផ្នែកខាងក្នុងនៃអគារនៅក្នុងតំបន់ដែលកំពុងប្រយុទ្ធគ្នា។

ប្រតិបត្តិករដែលហៅខ្លួនឯងថា “យូរី” បាននិយាយទៅកាន់អ្នកយកព័ត៌មាន AFP ថា “យើងមានទាហានឈ្លបយកការណ៍ដែលទទួលបេសកកម្មឈ្លបយកការណ៍ភាគច្រើនជាមនុស្សដែលយើងតែងតែទទួលបានការបណ្តុះបណ្តាលកម្រិតខ្ពស់តែយើងមានបទពិសោធច្រើនដែលថាអ្នកទាំងនោះតែងតែប្រឈមនឹងហានិភ័យ” ដូចដែលធ្លាប់បានដឹងស្រាប់ហើយ។

ប្រតិបត្តិករដែលធ្វើការឱ្យក្រុមហ៊ុនអង់គ្លេសដែលផ្តល់ឧបករណ៍យោធាបាននិយាយថា “ឆ្កែរ៉ូបូតនេះអាចជួយផ្តល់សញ្ញាហានិភ័យដល់ទាហានជួរមុខ និងជួយបង្កើនសមត្ថភាពប្រតិបត្តិការ។ នេះគឺជាមុខងារស្នូលរបស់សត្វឆ្កែរ៉ូបូត”។

ឆ្កែរ៉ូបូតដ៏ទំនើបសេរី “BAD Two” មិនត្រូវបានគេដាក់បង្ហាញឲ្យឃើញជាសាធារណ:ដោយសារតែហេតុផលសុវត្ថិភាព។

ឧបករណ៍ដែលប្រើនៅក្នុងការធ្វើប្រតិបត្តិការមានថ្មដែលផ្តល់ថាមពលប្រហែលពីរម៉ោង។

វាមានប្រយោជន៍សម្រាប់ការរុករកមីន ឬឧបករណ៍បំផ្ទុះ ឆ្កែរ៉ូបូតក៏អាចត្រូវបានប្រើដើម្បីយកគ្រាប់រំសេវ ឬថ្នាំពេទ្យដែលអាចផ្ទុកបាន ៧ គីឡូក្រាមទៅកាន់ចំណុចក្តៅនៅលើសមរភូមិ។

Yuri បាននិយាយថា “ខ្ញុំមិនអាចនិយាយបានទេថា តើយើងនឹងដាក់ពង្រាយវាក្នុងចំនួនប៉ុន្មាន” នៅអ៊ុយក្រែន” ។

ប្រសិនបើឆ្កែរ៉ូបូតធ្លាក់ចូលទៅក្នុងដៃទាហានរុស្ស៊ីនោះកុងតាក់សង្គ្រោះបន្ទាន់អនុញ្ញាតឲ្យប្រតិបត្តិករបំផ្លាញទិន្នន័យទាំងស្រុងបានភ្លាមៗ៕

ប្រភព៖ AFP/cm