ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីតែងតាំងលោក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប តាំងពីនៅវរសេនីយ៍ តែអនុក្រឹត្យទើបចេញផ្សាយ

ដោយ : បន្ទាយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងនាយទាហានលេខ៧៤២អនក្រ.តត ចុះថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៤ បានសម្រេចតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

អនុក្រឹត្យច្បាប់ថតចម្លងដែលទើបចែកផ្សាយតៗគ្នា ឃើញថា នាយទាហានគឺលោកសៀ ទីន នៅជាវរសេនីយ៍ឯកនៅឡើយទេ ពេលទទួលការតែងតាំងនោះ ។

ប៉ុន្តែជាក់ស្តែងនៅ៦ថ្ងៃបន្ទាប់មក បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ ឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី ហើយព្រះរាជក្រឹត្យបានត្រូវបានចែកផ្សាយចាប់ពីថ្ងៃទី៣១ខែកក្កដា តមក ។

នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះរួមមាន៖ ទី១. លោកវរសេនីយ៍ឯក ថា ដាណាន់, ទី២.លោកវរសេនីយ៍ឯកសៀ ទីន  ២រូបនេះដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ទី៣.លោកវរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី។

គួរបញ្ជាក់ដែរថា កន្លងមកដល់បច្ចុប្បន្ន កងរាជអាវុធហត្ថខេត្តសៀមរាបគឺមានលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាមេបញ្ជាការ។

ចំពោះពិធីផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងមេបញ្ជាការថ្មី នៅមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយ បើទោះបីជាមានតម្រុយថា នឹងប្រព្រឹត្តទៅឆាប់ៗក៏ដោយ ។

គួររំលឹកថា ចំពោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន លោកជានាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយទើបត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើ ហើយក្រសួងការពារជាតិអោយឡើងឋាន:និងតួនាទីជាមេបញ្ជាការរងបន្ថែម ។

ជាកូនប្រុសច្បងរបស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការកងរាជអាវុធហត្ថរាធានីភ្នំពេញ។ ចូលបម្រើការងារជាពលកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០០៨ ។

លោកមានឱកាស ហើយខិតខំសិក្សានិងមានចំណេះជំនាញមួយចំនួនដូចជា : បរិញ្ញាបត្រធុរកិច្ចគ្រប់គ្រងយោធាពីបណ្ឌិតសភាយោធាអូស្ត្រាលី, អនុបណ្ឌិតផ្នែកគោលនោយបាយសាធារណ:និងអភិបាលកិច្ចពីសាកលវិទ្យាល័យនៃប្រទេសអូស្ត្រាលី ,បញ្ចប់វគ្គសិក្សាមេបញ្ជាការពីសាកលវិទ្យាល័យនៃប្រទេសសឹង្ហបូរី ។នៅឆ្នាំ២០០៩ បានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ-ឬស្សីកែវ ហើយបន្ត លោកបានបន្តទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី៤ឆ្នាំទៀត ។

ចំពោះការងារវិញ លោកបាននាំយកនូវចំណេះជំនាញថ្មីៗ រួមទាំងជំនាញមកចែករំលែកនិងអនុវត្តជាក់ស្តែង ហើយបានបង្កើតនិងសម្រេចបាលទ្ធផលការងារនិងស្នាដៃលេចធ្លោជាច្រើនដែរ ៕