ដោយ៖តារា
ភ្នាក់ងារប៉ូលិសបានរាយការណ៏ថាមានបុរសនៅរដ្ឋតិចសាស់ម្នាក់ឈ្មោះថាPaul Moses Alden អាយុ ៤៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទដាក់បង្កៃកាំជ្រួចតូចៗដើម្បីបំផ្ទុះនៅក្នុងបន្ទប់ទឹកដែលជាកន្លែងលាងរថយន្តនៅក្នុងតំបន់ចំនួនបីដាច់ដោយឡែកពីគ្នាសម្រាប់ជាការលេងសើចរបស់ខ្លួនជាហេតុបណ្តាលឲ្យស្ត្រីពីរនាក់និងក្មេងស្រីវ័យក្មេងម្នាក់រងរបួស។
ប៉ូលិសបានបញ្ជាក់ថា ការបំផ្ទុះកាំជ្រួចតូចៗលើកដំបូងត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ២០ ខែកក្កដា នៅឯ Wash Tub ដែលជាកន្លែងលាងរថយន្តនៅលើផ្លូវ Bandera ក្នុងទីក្រុង Alden នៃ Helotes នៅខាងក្រៅទីក្រុង San Antonio ។
ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៏ថា ជនល្មើស Alden ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពរបស់ខ្លួនខណ:ពេលដែលជននេះបានចេញនិងចូលទៅក្នុងបន្ទប់ទឹក unisex ហើយមួយសន្ទុះក្រោយមក នៅពេលដែលស្ត្រីម្នាក់ដើរទៅកាន់បន្ទប់ទឹកក៏ស្រាប់តែឮសំឡេងផ្ទុះតិចៗចេញពីក្នុងបន្ទប់ទឹកបង្កឲ្យស្ត្រីរូបនោះរងរបួសស្រាល ប៉ូលិសបានធ្វើរបាយការណ៍នៅមុនពេលស្រ្តីរងគ្រោះបានចាកចេញពីបន្ទប់ទឹក ។
ក្នុងរយ:ពេលប្រាំមួយថ្ងៃក្រោយមក ជនរងគ្រោះពីរនាក់ទៀតក៏ត្រូវបានរងរបួសដោយសារតែការបំផ្ទុះកាំជ្រួចផងដែរនៅទីតាំង Wash Tub ដាច់ដោយឡែកមួយនៅ San Antonio នៅ Loop 1604 ក្បែរផ្លូវ Highway 281។
ប៉ូលីសបានឲ្យដឹងថា មានស្ត្រីរងគ្រោះដែលជាបុគ្គលិកម្នាក់បានរងរបួសខណៈដែលនាងអង្គុយនៅលើបង្គន់ ហើយក្មេងស្រីតូចម្នាក់ទៀតក៏បានរងនូវបទពិសោធដូចគ្នាផងដែរនៅក្នុងបន្ទប់ទឹកដាច់ដោយឡែកមួយផ្សេងទៀត ក្នុងរយ:ពេលប៉ុន្មាននាទីក្រោយមក។
ប៉ូលិសបានរកឃើញកម្ទេចកាំជ្រួចតូចៗដែលជាវត្ថុតាងនៅនឹងកន្លែងកើតហេតុដាច់ដោយឡែកទាំងពីរ។
នៅក្នុងការបំផ្ទុះកាំជ្រួចតូចៗទាំងពីរលើកនេះជនល្មើស Alden ត្រូវបានថតជាប់នូវសកម្មភាពរបស់ខ្លួនដោយកាមេរ៉ាសុវត្ថិភាពដែលបង្ហាញឲ្យឃើញថាជនល្មើស Alden បានចូលហើយបានចេញពីបន្ទប់ទឹក នៅមុនពេលដែលជននេះបានទៅអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវ ដែលភ្នែករបស់ជននេះបានសម្លឹងមើលទៅកាន់ទ្វារបន្ទប់ទឹកដើម្បីរង់ចាំមើលជនរងគ្រោះដើរចូលទៅ។
យោងតាមរូបភាពសកម្មភាពរបស់វីដេអូបានបង្ហាញថា បន្ទាប់ពីបំផ្ទុះកាំជ្រួចរួចហើយ ជនល្មើសបានក៏ចាកចេញទៅ។
បុគ្គលិកនៅកន្លែងលាងរថយន្តស្គាល់ជនល្មើស Alden ច្បាស់ណាស់ហើយគាត់និយាយថាពួកគេមានវីដេអូថតជាប់រថយន្ត និងផ្លាកលេខរបស់ Alden ថែមទៀតផង។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារ Wash Tub បានប្រាប់អ្នកយកព័ត៌មាន KENS 5 ថា “យើងអបអរជាមួយនឹងសកម្មភាពឆ្លើយតបភ្លាមៗរបស់ភ្នាក់ងារប៉ូលីស SAPD និងភ្នាក់ងារស៊ើបអង្កេត Arson ដែលធ្វើការលើករណីនេះ” “យើងនឹងបន្តសហការយ៉ាងពេញលេញជាមួយភ្នាក់ងារប៉ូលីស SAPD និងការិយាល័យរដ្ឋអាជ្ញាស្រុក”។
ជនល្មើសAlden ត្រូវបានចាប់ខ្លួននិងត្រូវបានចោទប្រកាន់ពីបទបង្កៃនិងបំផ្ទុះកាំជ្រួចបង្កឲ្យជនរងគ្រោះរបួសលើរាងកាយ។
ជនល្មើសត្រូវបានកំណត់ឲ្យបង់ប្រាក់ធានាខ្លួននៅក្រៅឃុំចំនួន ៥០,០០០ ដុល្លារ។ បន្ទាប់មកជនល្មើសAlden ត្រូវបានរដ្ឋអាជ្ញាសម្រេចឲ្យនៅក្រៅឃុំនៅក្នុងថ្ងៃដដែលបន្ទាប់ពីត្រូវបានចាប់ខ្លួន។
ប៉ូលិសនិយាយថាករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនិងរង់ចាំតុលាការធ្វើការចោទប្រកាន់ជាផ្លូវការ៕