សន្ដិសុខសង្គម

កម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់និងលែងត្រីចម្រុះជិត១០០គីឡូក្រាមចូលទន្លេធម្មជាតិវិញ

ដោយ៖ វិចិត្រ

ពោធិ៍សាត់ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកម្លាំងបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដោយមានកម្លាំងសមត្ថកិច្ចសរុបប្រមាណជិត២០នាក់ មធ្យោបាយកាណូតទូកចំនួន០៤ទៅ៥គ្រឿង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងបទល្មើស និងលែងត្រីចម្រុះជិត១០០គីឡូក្រាមផងដែរ។

បើតាមការបញ្ជាក់ពីលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ ក្នុង ប្រតិបត្តិការខាងលើធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ចំណុចប្រឡាយតាពេជ្រ ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។

ក្នុងប្រតិបត្តិការមន្ត្រីជំនាញពិនិត្យឃើញថា ស្ថានភាពកម្ពស់ទឹកនៅស្ថានីយជលសាស្រ្តបឹងទន្លេសាប(ឃុំកំពង់លួង)មានកម្ពស់៣.៨០ម៉ែត្រ ចំពោះហ្វូងត្រី ដូចជាកូនត្រីលិញ កូនត្រីរៀល កូនត្រីប្រា ត្រីពោ និងកូនត្រីក្បក បានធ្លាក់មកដល់បឹងទន្លេសាបហើយ ។

លោកនាយផ្នែករដ្ឋបាលជលផលក្រគរបានបញ្ជាក់បន្ថែមទៀតថា ចំណែកការបង្រ្កាប លទ្ធផលគឺរបាំងស្បៃមុងចំនួន២៣ខ្សែ ស្មើនឹងប្រវែងចំនួន២.៥០០ម៉ែត្រ, លូកងស្បៃមុងចំនួន៣៨មាត់,  របាំងសាច់អួនចំនួន៣ខ្សែ ស្មើនឹងប្រវែងចំនួន៩០០ម៉ែត្រ ក្បាល(បរ)ចំនួន១៥គ្រឿង, បង្គោលចំនួន៩២០ដើម  លបប្រឹស១០០ ចំនួន១០ខ្សែ និងចាក់លែងត្រីចម្រុះចូលទឹកបឹងធម្មជាតិ(បឹងទន្លេសាប)វិញចំនួន៩១គីឡូក្រាម។

លោកនាយផ្នែកបញ្ជាក់ទៀតថា បញ្ហាខាងលើ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ សន្យាសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបន្តបន្ទាប់ឲ្យដូចភ្លៀងរលឹម៕