សន្ដិសុខសង្គម

កងកម្លាំងនគរបាលទូទាំងខេត្តត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ដើម្បីធានានូវសន្តិសុខជូនពលរដ្ឋ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៤ និងបានដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ លោកមេបញ្ជការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំង៦៧។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទន:ប្រចាំខែកក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងទិសដៅខែសីហា បានជំរុញដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ ពិសេសការផ្សព្វផ្សាយគោលនគរបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការបានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត សម្រាប់អនុត្តដូចខាងក្រោម៖

-ជំរុញកសាង និងចាត់តាំងអនុវត្តឲ្យស្របនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែនការសកម្មភាពរបស់អធិការដ្ឋាននគរបាលក្រុង/ស្រុក និង វរសេនាតូចនគរបាលការពារព្រំដែនគោក

-ពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសជួញដូរគ្រឿងញៀន

-បន្តជំរុញសកម្មភាពនិងអនុវត្តផែនការបង្ការទប់ស្កាត់ បង្ក្រាបក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព

-ពង្រឹងការអនុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ

-បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត  តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ និង តាមគោលការណ៍ណែនាំរបស់់ គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

-ជំរុញកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។

-បន្តធ្វើការចងក្រងមន្ត្រីនគរបាលដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា (IT) ជាក្រុមសម្រាប់បម្រើឲ្យការងារជំនាញឌីជីថល នៅអង្គភាពស្នងការដ្ឋាន

-ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕