សន្ដិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់នូវសារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ បន្ទាប់ពីទទួលបានបណ្តឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចបន្ទប់ជួលភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក៏រួមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។

ការឃាត់ខ្លួននេះ គឺយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ បិន ធានអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូហើយមិនយកទៅសងវិញ)  ប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរគ្រឿងដើម្បីកុំឱ្យជនរងគ្រោះដឹងថាជាម៉ូតូរបស់ខ្លួន ហើយទុកជិះខ្លួនឯងពិតប្រាកដមែន។

ជនសង្ស័យបន្តថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យរយៈពេល០១ឆ្នាំ និង០៦ខែ ពីបទ៖ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយនៅខែកញ្ញា ឆ្នាំ២០២២ បានចេញពីពន្ធនាគារវិញ និងនៅបន្តប្រើប្រាស់គ្រឿងញៀនរហូតមកទល់បច្ចុប្បន្ននេះ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។  ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕