អន្តរជាតិ

Zelenskyy អះអាងថាអ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 ជាលើកដំបូង

ដោយ៖ តារា

KYIV៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ សីហាថា អ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 ជាលើកដំបូង។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា ខ្លួនត្រូវការយន្តហោះចម្បាំង F-16 បន្ថែមទៀត។

លោក Zelenskyy បាននិយាយថា «យើងតែងតែឮពាក្យ មិនអាចទៅរួច ឥឡូវនេះ វាជាការពិត។ ការពិតយន្តហោះ F-16 នៅលើមេឃរបស់អ៊ុយក្រែនហើយយើងធ្វើឲ្យវាកើតឡើងហើយ»។

Zelenskyy កំពុងឈរនៅពីមុខយន្តហោះចម្បាំង F-16 ដែលមានពណ៌ប្រផេះដែលបង្ហាញពីម៉ាក F-16 ចំពោះទីតាំងរក្សាទុកយន្តហោះចម្បាំង F-16 អ្នកយកព័ត៌មានត្រូវបានស្នើសុំមិនឲ្យបង្ហាញដោយសារតែហេតុផលសុវត្ថិភាព។

លោក Zelenskyy ក៏មិនបានបញ្ជាក់ទេថា តើមានយន្តហោះចំនួនប៉ុន្មានគ្រឿងដែលត្រូវបានផ្តល់ឲ្យ និងបានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយបន្ថែមឲ្យបានជាក់លាក់នោះទេ ក៏ប៉ុន្តែអ្នកយកព័ត៍មាន AFP បានឃើញយន្តហោះ F-16 យ៉ាងហោចណាស់ពីរគ្រឿងនៅនឹងកន្លែង។

ជំនួយមិនទាន់គ្រប់គ្រាន់

លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន បាននិយាយថា “នេះគឺជាយន្តហោះប្រយុទ្ធដែលយើងបានរង់ចាំវាអាចបង្កើនសមត្ថភាពកងទ័ពរបស់យើងបានយ៉ាងខ្លាំងក្លាបំផុត” ។

ក្រុង Kyiv សង្ឃឹមថា ការមកដល់នូវយន្តហោះចម្បាំង F-16  ដែលត្រូវបានគេរំពឹងថាវាអាចជួយការពារខ្លួនបានយ៉ាងល្អប្រសើរជាងមុនដើម្បីទប់ទល់នឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

ពួកគេអាចចាប់ផ្តើមបង្កើនសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសដើម្បីគាំទ្រដល់ការវាយលុករបស់កងទ័ពអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ថា (CSIS)។

លោក Zelenskyy បានប្រកាសភ្លាមៗថាគាត់ត្រូវការយន្តហោះចម្បាំង F-16  និងត្រូវការបណ្តុះបណ្តាលនាវិកបើកយន្តហោះ F-16 បន្ថែមទៀត។

លោក Zelenskyy បាននិយាយថា “ដៃគូរបស់យើងដឹងថាចំនួនយន្តហោះ F-16 ដែលយើងមាននៅក្នុងដៃមួយចំនួននិងអ្នកបើកយន្តហោះដែលយើងបានបណ្តុះបណ្តាលរួចហើយនោះគឺនៅមិនទាន់គ្រប់គ្រាន់នោះទេ”។

លោកបានបន្ថែមថា៖ “ យើងរំពឹងថានឹងទទួលបានយន្តហោះ F-16 បន្ថែមទៀត។

ប្រទេសជាច្រើននៅក្នុងណាតូបានសន្យាថានឹងផ្គត់ផ្គង់យន្តហោះចម្បាំងក្នុងចំនួនខុសៗគ្នា ហើយបានបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងនាវិកអ៊ុយក្រែនអស់រយៈពេលជាច្រើនខែរួចមកហើយ។

ជួយសង្គ្រោះជីវិត

ក្រុង Kyiv បានដាក់ផែនការធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការការពារដែនអាកាសនេះគឺជារបៀបវារៈនៅក្នុងកិច្ចប្រជុំជាមួយសម្រាប់សម្ព័ន្ធមិត្តណាតូ។

លោក Oleksandr Syrsky មេបញ្ជាការកងកម្លាំងអ៊ុយក្រែនបាននិយាយថា “ខ្ញុំសូមសំដែងការដឹងគុណចំពោះសម្ព័ន្ធមិត្តជាដំបូងសំខាន់បំផុតនោះគឺការប្រើប្រាស់យន្តហោះដ៏ទំនើបប្រកបដោយប្រសិទ្ធភាពគឺមានន័យថាវាអាចជួយសង្គ្រោះជីវិតកងទ័ពអ៊ុយក្រែន” ។

នៅក្នុងបទសម្ភាសជាមួយ AFP កាលពីខែឧសភា លោក Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវការយន្តហោះ F-16 ប្រហែល ១៣០ គ្រឿង ដើម្បីឲ្យមានសមមាត្រជាមួយនឹងទ័ពអាកាសរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ ដៃគូរបស់អ៊ុយក្រែនបានសន្យាថានឹងបញ្ជូនយន្តហោះ F-16 តិចជាង ១០០គ្រឿងដោយភាគច្រើនទំនងជានឹងមកដល់ក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការបណ្តុះបណ្តាលអ្នកបើកយន្តហោះរួចរាល់។

ការវាយប្រហារនាពេលថ្មីៗតាមអាកាសបានចោទជាសំណួរអំពីសមត្ថភាពរបស់ក្រុង Kyiv ក្នុងការការពារយន្តហោះដែលមានតម្លៃរាប់លានដុល្លារពីការវាយឆ្មក់របស់រុស្ស៊ី។

កាលពីដើមខែកក្កដា រុស្ស៊ីបានអះអាងថា បានបំផ្លាញយន្តហោះយោធាចំនួនប្រាំគ្រឿង។

រុស្ស៊ីបានព្រមានកាលពីសប្តាហ៍មុនថា យន្តហោះចម្បាំង F-16 ណាដែលប្រគល់ឲ្យអ៊ុយក្រែន នឹងត្រូវក្លាយជាគោលដៅសម្រាប់បាញ់ទម្លាក់។

កងទ័ពអាកាសអ៊ុយក្រែនបានប្រើប្រាស់យន្តហោះចម្បាំង MIG-29 និង Sukhoi សម័យសូវៀត អស់រយៈពេលជាងពីរឆ្នាំមកហើយ៕

ប្រភព៖ AFP/fs