ដោយ៖ បូរ៉ាក់
ភ្នំពេញ៖ នៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យកសិកម្ម ដោយមានអ្នកជំនួញ និងអ្នករកស៊ីចម្រុះវិស័យចំនួនប្រមាណ ១៥០ក្រុមហ៊ុន មកពីជាង១០ប្រទេស នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ មានក្រុមហ៊ុននានាមកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា, ចិន, កូរ៉េ, ម៉ាឡេស៊ី, ញ៉ូហ្សឺលែន, ប៉ូឡូញ , រុស្សី , តៃវ៉ាន់ និងអាមេរិកជាដើម នឹងដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើន ហើយពិព័រណ៍នេះ ត្រូវបានព្យាករថា នឹងមានអ្នកចូលទស្សនាចំនួន ៤,៥០០នាក់ ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិកាអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេ និងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។
លោក វីននី បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និងអង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះ ដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និងចែករំលែកបច្ចេកវិទ្យា ក៏ដូចជាជួយប្រជាជនកម្ពុជា និងអាជីវកម្មក្នុងតំបន់ បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។
ទាក់ទិនពិព័រណ៍នេះដែរ លោក សុខ សុថា ប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិត បានលើកឡើងថា កម្មវិធីនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគ អ្នកប្រើប្រាស់ អ្នកផលិត អ្នកផ្គត់ផ្គង់និងអ្នកកែច្នៃ មានឱកាសបានជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន ដោះដូរអាជីវកម្មនិងភ្ជាប់បណ្តាញ។ ជាពិសេសបានផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅដល់ក្រៅប្រទេសថែមទៀតផង។
ជាមួយគ្នានេះ លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) សង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤ រួមមាន ពិព័រណ៍វេជ្ជសាស្ត្រ, ពិព័រណ៍សត្វចិញ្ចឹម និងពិព័រណ៍សម្រស់។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារនិងការអភិវឌ្ឍអាជីវកម្មព្រមទាំងការផ្គូរផ្គងអាជីវកម្ម (B2B Matchmaking) ដែលអនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យនិងកិច្ចសន្យាអាជីវកម្ម៕