ដោយ : បន្ទាយ
បន្ទាយមានជ័យ : នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំ មូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេសអគ្គិសនី អំពីគម្លាតសុវត្ថិភាពខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនខេមបូឌាផៅវ័រទ្រែនមីសិនឡាញ(Cambodian Power Tranmision Line:CPTL) កាលពីថ្ងៃទី ២៦ខែកក្កដាឆ្នាំ២០២៤។
លោកទូច សុភា នាយកបច្ចេកទេសនៃក្រុមហ៊ុន ខេមបូឌា ផៅវ័រ ទ្រែនមីសិនឡាញនិយាយក្នុងកិច្ចប្រជុំនាសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៦ខែកក្កដាថា : របៀបវារ:កិច្ចប្រជុំនេះមាន៣ចំណុច ១-អំពីក្រុមហ៊ុនខេមបូឌា ផៅវ័រ ទ្រែនមីសិនឡាញ ២ -ទីតាំងភូមិសាស្ត្របណ្តាញខ្សែបញ្ជូនរបស់ក្រុមហ៊ុន និង៣- បច្ចប្បន្នភាពនៃដំណើរការអនុវត្តរបស់ក្រុមហ៊ុន។
លោកបន្តថា: ការចុះមកផ្សព្វផ្សាយផលប៉ះពាល់ដល់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានជួយធ្វើការផ្សព្វផ្សាយពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយគន្លងខ្សែបណ្តាញបញ្ជូន១១៥គីឡូវ៉ុល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុននៃគ្រោះថ្នាក់ដែលបង្កមកពីចរន្តអគ្គិសនី ។
ក្នុងនោះមាន ហាមសាងសង់អគាររឺសំណង់ផ្សេងៗជិតនិងនៅក្រោមខ្សែបញ្ជូន ,ហាមជីកកាយដីក្បែរជើងគ្រឹះបង្គោល និងក្រោមគន្លងខ្សែបញ្ជូន ,ហាមបញ្ឈររឺលើកវត្ថុខ្ពស់ៗជ្រៀតចូលខ្សែបញ្ជូន ,ហាមបាញ់សត្វដែលទំលើខ្សែបញ្ជូនអគ្គិសនី ,ហាមលេងខ្លែងនៅជិត បង្គោលអគ្គិសនីជាដើម ។
លោកទូច សុភា បានអោយដឹងបន្តទៀតថា : ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល តាមបណ្តោយខ្សែបណ្តាញបញ្ជូន អគ្គិសនីរបស់ក្រុមហ៊ុន ដែលស្ថិតនៅខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ។ក្រុមហ៊ុនមានដោលដៅយុទ្ធសាស្ត្រផ្តល់នូវសេវាបញ្ជូនថាមពលអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនិងទំនុកចិត្តតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗដោយផ្តោតជាសំខាន់លើសុវត្ថិភាព ស្ថិរភាពនិងគណនេយ្យភាពជាចំបង។
នាឱកាសនោះ លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា : អាជ្ញាធរធ្វើការកោតសរសើរលើវិស័យអគ្គិសនីកម្ពុជា កំពុងអភិវឌ្ឍឥតឈប់ឈរទៅតាមតម្រូវការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ។
សូមរំលឹកថា : ក្រុមហ៊ុនខេមបូឌា ផៅវ័រ ទ្រែនមីសិនឡាញ បានវិនិយោគ ដោយសហប្រតិបត្តិការជាមួយភាគីថៃក្នុងការនាំថាមពលអគ្គិសនីពីបណ្តាញថៃចូលមកប្រទេសកម្ពុជានៅពេលថាមពលអគ្គិសនីកម្ពុជានៅខ្វះខាត។តែឥឡូវ ប្រភពផលិតអគ្គិសនីកម្ពុជាតាមរយ:វារីអគ្គិសនី,ថាមពលពន្លឺព្រះអាទិត្យ(សូឡា)មកខ្សែបណ្តាញបញ្ជូនជាតិពីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ដើម្បីបញ្ជូនថាមពលអគ្គិសនីមកផ្គត់ផ្គង់បានគ្រប់គ្រាន់ឬសល់ផង ។
ទោះយ៉ាងណា យើងនៅតែរក្សានូវការទិញស្រាប់នូវថាមពលនេះពីប្រទេសថៃ វៀតណាមនិងឡាវជាបន្តទៀតដដែលទេ ព្រោះកិច្ចសន្យារវាងក្រុមហ៊ុននិងរដ្ឋនៃប្រទេសទាំង៤ នៅមានសុពលភាពនៅឡើយ ។
គួរបញ្ជាក់ថា ការចុះមកប្រជុំនេះ ក្រោយពីភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ដ៏ខ្លាំងមួយកាលពីរាត្រីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ បានបង្កដួលរលំនិងរលើងបង្គោលបណ្តាញអគ្គិសនីតង់ត្យុងមធ្យមរបស់សេវាការឯកជនប្រមាណ១៦បង្គោល លើបណ្តោយផ្លូវជាតិ៥៨ ស្ថិតនៅចំណុចភូមិអូរនាងនិងព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។
បង្គោលខ្សែបញ្ជូននោះបានតភ្ជាប់ចេញពីអនុស្ថានីយទី១-អូរនាងក្រុងប៉ោយប៉ែត របស់ក្រុមហ៊ុនខេមបូឌាផៅវ័រទ្រែនមីសិនឡាញ(Cambodian Power Tranmision Line:CPTL) ក្បែរភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅនៃព្រំដែនកម្ពុជា ថៃ ដែលជាច្រកតភ្ជាប់នឹងបណ្តាញអគ្គិសនីថៃ ៕