ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី បានដឹកនាំសហការី កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីការបាក់ស្រុតច្រាំងទន្លេមេគង្គ គឺបានសម្រេចឱ្យផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រុះរើ និងរំកិល គេចចេញពីការបាក់ស្រុតច្រាំងនេះ នៅព្រឹកថ្ងៃទី ២៤ កក្កដា។
ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តត្បូងឃ្មុំបានឱ្យដឹងថា៖ ផ្ទះប្រជាពលរដ្ឋទាំងបីខ្នង ដែលត្រូវរុះរើ និងរំកិលចេញពីច្រាំងបាក់ស្រុតនោះ ទី.១. ឈ្មោះ អេង វណ្ណដា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ផ្ទះសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានសមាជិកសរុប ៦ នាក់,ទី.២.ឈ្មោះ ចែម សុខឃឿន ភេទប្រុស អាយុ ៥៤ ឆ្នាំ ផ្ទះសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ ៤ ម៉ែត្រ គុណនឹង ៥ ម៉ែត្រ និងសមាជិកគ្រួសារសរុប ៧ នាក់ និងទី.៣.ឈ្មោះ កើត អឿន ភេទស្រី អាយុ ៥៦ ឆ្នាំជាស្រ្តីមេម៉ាយ មានសមាជិកសរុប ៤ នាក់ ផ្ទះសង់អំពីឈើ ដំបូលប្រក់ស័ង្កសីដែរ និងមានទំហំ ៤ ម៉ែត្រ គុណនឹង ៥ ម៉ែត្រ។
សូមបញ្ជាក់ថា នៅម៉ោងជាង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៤កក្កដា យប់មិញ គ្រោះមហន្តរាយបាក់ស្រុតច្រាំងទន្លេមេគង្គអស់ប្រប្រវែង៥០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងខាងលើក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ប៉ុន្តែករណីនេះពុំមានការប៉ះពាល់ ដល់អាយុជីវិតមនុស្សនោះទេ៕