សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការករណីលួចម៉ូតូនិងប្រើប្រាស់សារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់នូវសារធាតុញៀន កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៤ នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៤ ថា ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្រី ថានី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង០៦ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១២ ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់។ ទី១-ឈ្មោះ ខាំ សុង ភេទប្រុស អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឆន ឆៃលី ភេទប្រុស អាយុ៣៩ឆ្នាំ (ជនសង្ស័យទាំង២នាក់ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត) ,៣-ឈ្មោះទូច ពៅ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជាមួយគ្នានោះកម្លាំងបានដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX ពណ៌ប្រាក់-ខ្មៅ ផលិតឆ្នាំ២០១៨ ចំនួន០១គ្រឿង។ តមកកម្លាំងក៏បាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធីនិងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងយកទៅបញ្ចាំបានលុយយកមកស៊ីចាយ ព្រមទាំងទិញគ្រឿងញៀនយកមកប្រើប្រាស់ផង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ៕