ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ កសិករក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រដូវវស្សាឆ្នាំនេះប្រកបការដាំដុះស្រូវជាង ២៥ម៉ឺនហិកតា ចំណោមនោះស្រូវស្រាលចំនួនជាង ១៧ម៉ឺនហិកតា និងពូជស្រូវក្រអូបជាង ៩ម៉ឺនហិកតា។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះថា÷ រដូវបង្កបង្កើនផលឆ្នាំនេះអាកាសធាតុ និងរបបទឹកភ្លៀងអំណោយផល បានធ្លាក់ស្រោចស្រពរាយប៉ាយបង្កលក្ខណៈល្អប្រសើរដល់បងប្អូនប្រជាកសិករទូទាំងខេត្ត ដាំដុះបានលឿនទាន់ពេលវេលា។
យោងតាមមន្ត្រីការិយាល័យស្ថិតិ របស់មន្ទីរកសិកម្មខាងលើបញ្ជាក់ឲ្យដែរថា÷ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវរស្សាឆ្នាំ ២០២៤នេះប្រជាកសិករបានសម្រុកលើការងារភ្ជួររាស់ដាំដុះដំណាំស្រូវមានផ្ទៃដីសរុបចំនួន ២៥៨,៣៥២ហិកតា ក្នុងនោះដាំដុះប្រភេទស្រូវស្រាលកសិករអនុវត្តបានចំនួន ១៧៨,៣៣៧ហិកតា ស្រូវកណ្តាលធ្វើបានចំនួន ៥១,៦៨៥ហិកតា ស្រូវធ្ងន់ចំនួន ២៧,២៩៧ហិកតា ស្រូវឡើងទឹកដាំដុះបានចំនួន ១,០៣៣ហិកតា ព្រមទាំងស្រូវក្រអូបមានចំនួនសរុប ៩២,៣៦០ហិកតាផងដែរ។
មន្ត្រីមន្ទីរជំនាញខាងលើបញ្ជាក់បន្ថែមទៀតថា÷ កសិករឆ្នាំនេះបានសម្រុកចុះអនុវត្តលើការងារដាំដុះបានសមស្រប និងទាន់ពេលវេលាប្រហាក់ប្រហែលគ្នានឹងឆ្នាំចាស់៕