ព័ត៌មានជាតិ

នគរបាលតាមបណ្តាមូលដ្ឋានប៉ុស្តិ៍ទាំងអស់ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤  បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញរយ:ពេលខ្លីស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត។

វគ្គធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូមអមដំណើរ ស្នងការរង នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក និងសិក្ខាកាមជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន១៣៤នាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្វាគមន៍ និងរាយការណ៍អំពីស្ថានភាពទូទៅ លទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកន្លងមក។

លោកបានបន្តថា វគ្គបំប៉ននេះមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការងារបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាព គុណភាព ការងារដល់នគរបាលតាមបណ្តាមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ក៏បានណែនាំដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ទាំងឡាយ ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនគឺសិក្សានូវចំណេះដឹងថ្មីៗ ដើម្បីអនុវត្តការងារររបស់ខ្លួននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ។ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់និងទំនុកចិត្តដល់ប្រជាពលរដ្ឋ៕