ព័ត៌មានជាតិ

អង្គការទេសន្តប្រវេសន៍អន្តរជាតិ(IOM)គាំទ្រដំណើរការបណ្តុះបណ្តាលពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មកវិញ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ : នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ទីតាំងបណ្តោះអាសន្ន ផ្លូវជាតិលេខ៥៦ មណ្ឌលកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបានទទួលទស្សនកិច្ចសិក្សាមួយដើម្បីឈ្វេងយល់ដំណើរការបណ្តុះបណ្តាលពលករ។នេះបើតាមនាយិការងនៃវិទ្យាស្ថាននេះបានអោយដឹងកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៤។

បើយោងមន្ត្រីជំនាញការងារនិងបណ្តុះបណ្តាលនិងអង្គការដៃគូអភិវឌ្ឍន៍បានអោយដឹងថា: នោះជាទស្សនកិច្ចឈ្វេងយល់ដំណើរការបណ្តុះបណ្តាលពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មកវិញនៃកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយ:ទេសន្តប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍន៍ជំនាញនិងការបង្កើនសេវារកការងារធ្វើនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ(PROMISE)និងការផ្លាស់ប្តូរជាមួយការការគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ(សាលាPIBMC)និងគ្រូបណ្តុះបណ្តាល ។

មានពលករខ្មែរដែលជាទេសន្តប្រវេសន៍ត្រឡប់ពីប្រទេសថៃជាង២០នាក់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវ:រយ:ពែលខ្លីនៅទីនោះ ។

លោកស្រីនាយិការងវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថា: វិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៌ និងមានអន្តេវាសិកដ្ឋានស្រី មាន២០បន្ទប់ សរុបបន្ទប់៦៧បន្ទប់។​

ការរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សា​(២០២៣-​២០២៤​)​សិស្សមានចំនួន១.២០៣នាក់/ ស្រី៣០៣នាក់ ។

ក្នុងនោះមាន៖១) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញអគ្គិសនី ,ជំនាញព័ត៌មានវិទ្យា, ជំនាញមេកានិករថយន្ត ,ជំនាញសំណង់ស៊ីវិល។​២)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមានជំនាញអគ្គិសនី, ជំនាញព័ត៌មានវិទ្យា​,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល, ជំនាញម៉ូតូ។​៣)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមាន ជំនាញអគ្គិសនី​,ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត​,ជំនាញសំណង់ស៊ីវិល។​

កម្មវិធីមាន :

១ -កម្មវិធីបណ្តុះបណ្តាលជូន យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញដូចជា៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ ,សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ។​

២-វិទ្យាស្ថានបានបញ្ជូនសិស្សចុះកម្មសិក្សានៅកន្លែងនានានិង៣-កម្មវិធីបណ្តុះបណ្តាលរយ:ពេលខ្លី ដោយទទួលពលករខ្មែរវិលពីប្រទេសថៃ លើជំនាញជួសជុលម៉ូតូ ជួសជុលនិងសេវាម៉ាស៊ីនត្រជាក់ ជំនាញគ្រឿងអគ្គិសនីនិងអេឡិកត្រូនិច ។

លោកគ្រីស្ទាន អូអ៊ីស្គើរ (Mr Christian Oisker ) តំណាងម្ចាស់ជំនួយប្រទេសស្វីសនិងសហការី,លោកកូវ ម៉េង , ជនជាតិអូស្ត្រាលី និងកម្ពុជាជាតំណាងអង្គការទេសន្តប្រវេសន៍អ្តរជាតិ(IOM) ប្រចាំកម្ពុជា ថៃ បានអោយដឹងថា: ខ្លួនបានឧបត្ថម្ភ គាំទ្រដល់កម្មវិធីPROMISE ដូចខាងលើក្នុងបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរដែនដីដើម្បីទទួលបណ្តុះបណ្តាលដល់ពលករទេសន្តប្រវេសន៍នៃប្រទេសកម្ពុជា ឡាវ ភូមានិងថៃដែលពួកគេមាតុភូមិនិវត្តន៍ឬវិលមកភូមិស្រុកវិញអោយមានជំនាញបច្ចេកទេសឬវិជ្ជាជីវ: យកទៅប្រកបរបរចិញ្ចឹមជីវិតបាន។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកហ៊ូ វុឌ្ឍី រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណលើការអនុវត្តកម្មវិធីPROMISE នៅខេត្តបន្ទាយមានជ័យ និងខេត្តឯទៀតក្នុងកការអភិវឌ្ឍន៍ជំនាញបច្ចេកទេស វិជ្ជាជីវ: ដល់ពលករទេសន្តរប្រវេសន៍ដើម្បីអោយមានជំនាញដែលអាចប្រកបរបរបាននៅតាមផ្ទះសម្បែង ភូមិស្រុក ហើយមិនធ្វើចំណាកស្រុកទៅក្រៅប្រទេសបែបប្រថុយប្រថាន ។

ចំណែកពលករវិញអោយដឹងថា: កន្លងមក ពួកខ្លួនទៅធ្វើការស៊ីឈ្នួលនៅប្រទេសថៃ ក៏មិនមានជំនាញឬទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:អ្វីដែរ គឺទៅធ្វើជាក់ស្តែងតាមការប្រាប់ពីអ្នកមុន ហើយក៏មានការលំបាកលើភាពជាប់លាប់(និរន្តភាព)ការងារនិងប្រាក់ឈ្នួលក៏មិនបានសមស្របតាមបំណងចង់បានព្រោះតែពួកគេគ្មានកម្រឹតជំនាញបច្ចេកទេស ។

ហេតុនេះ ការមកទទួលការបណ្តុះបណ្តាលនៅទីនេះ ក៏សង្ឃឹមថា អាចមានចំណេះជំនាញយកទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ៕