ដោយ : បន្ទាយ
ពោធិ៍សាត ៖កូនក្រពើភ្នំចំនួន៦០ក្បាល បានញាស់ចេញពីសំបកនៃសម្បុកវាដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក។នេះបើតាមមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃបានអោយដឹងកាលពីថ្មីៗនេះ ។
មន្ត្រីថា មន្ត្រីចម្រុះដូចជាក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃនិងរុក្ខជាតិនិងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំចំនួន៥សម្បុកនៅឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកោះកុងនិងពោធិ៍សាត់ ។គឺបានរកឃើញកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងមក។គេថានោះជាសម្បុកក្រពើភ្នំដែលមានពងកូនច្រើនបំផុត ក្នុងកំណត់ត្រាគំហើញរបស់អ្នករុករកដែលមិនធ្លាប់មានទេក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
ប្រភពដដែលឲ្យដឹងថា : សម្បុកទាំង៥នោះ មានពងក្រពើភ្នំសរុបចំនួន១០៦គ្រាប់ ។
ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។
សូមរំលឹកថា ក្រោយរកឃើញ សម្បុកទាំងនោះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋានបានយាមកាម ថែរក្សាយ៉ាងម៉ិតប្រាយណាស់ ។
គេសង្ឃឹមថាវានឹងមានការកើនឡើងនូវប្រភេទសត្វក្រពើភ្នំនេះនៅក្នុងធម្មជាតិនេះ ៕