ព័ត៌មានជាតិ

ជំនាញធនធានទឹកនិងអាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមវិធានការទប់ស្កាត់ការយារយីពីគ្រោះជំនន់ទឹកភ្លៀងជាយថាហេតុនាពេលខាងមុខ

ដោយ : បន្ទាយ
ឧត្តរមានជ័យ ៖ មន្ត្រីជំនាញធនធានទឹកនិងអាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមមានវិធានការទប់ស្កាត់ការយារយីពីគ្រោះជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុនាពេលខាងមុខ។


នាល្ងាចថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៤ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអមដំណើរ លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
បច្ចុប្បន្នអាងនោះ ទឹកមានកម្ពស់៖
-កម្រិតកម្ពស់ទឹកក្នុងអាង ៣.៦៤ ម៉ែត្រ
-កម្រិតកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្ន ៣.៥០ ម៉ែត្រ
-កម្រិតកម្ពស់ទឹកប្រកាសអាសន្ន ៤.៥០ ម៉ែត្រ។

លោកអភិបាលខេត្ត ក៏ដូចលោកប្រធានមន្ទីរបានបញ្ជាក់ថា : កម្រិតកម្ពស់ទឹកដូចខាងលើ មិនទាន់ដល់ត្រូវប្រកាសអាសន្ននៅឡើយទេ ។ទោះជាយ៉ាងណា មន្ទីរសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទឹកថ្មីសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

លោកលោក ញឺន កួន បានបន្តថា : នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នោះដែរ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានបែងចែកចុះពិនិត្យស្ថានភាពអាងទឹកនៅតាមបណ្តោយដងស្ទឹងស្រែង ៖
១-អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
២-អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង
៣-អាងទឹកអូរចិញ្ជៀន ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង
៤-អាងទឹកទំនប់លើ ស្ថិតនៅឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង
៥-អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង
៦-អាងទឹកស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៧-អាងទឹកស្ទឹងស្រែង១ ស្ថិតនៅឃុំជើងទៀន ស្រុកចុងកាល់ ។

មន្ត្រីជំនាញបានបញ្ជាក់នូវបំណងនៃការចុះត្រួតពិនិត្យ និងវាយតម្លៃនេះថា : ដើម្បីត្រៀមមានវិធានការទប់ស្កាត់ការយារយីពីគ្រោះជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុនាពេលខាងមុខ ៕