ព័ត៌មានជាតិ

ដង្កូវហ្វូងកំពុងរាតត្បាតលើស្រូវជាង២០០ហិកតារបស់កសិករនៅភូមិ ឃុំខ្លះនៃស្រុកថ្មពួក

ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ យោងតាមការរាយការណ៍ពី ភ្នាក់ងារភូមិ អាជ្ញាធរឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យអោយដឹងថា: មានផ្ទៃដីស្រែវស្សាប្រមាណ២០០ហិកតា បាននឹងកំពុងរងការរាតត្បាតនៃពពួកដង្កូវហ្វូងស៊ីបំផ្លាញ។

មន្ត្រូីអាជ្ញាធរ មន្ត្រីជំនាញកសិកម្មនិងកសិករបានអោយដឹងថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ ថា: ក្រោយចុះក្តាប់ស្ថានការណ៍និងទទួលសេចក្តីរាយការណ៍ពី ឃុំ ភូមិ ឃុំគំរូ លោកប្រធានក្រុមប្រឹក្សា លោកអភិបាលរងស្រុកសហការជាមួយមន្ត្រីជំនាញថ្នាក់ខេត្តទទួលបន្ទុកការងារកសិកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសកសិកម្មឃុំថ្មពួក គោករមៀត និងបន្ទាយឆ្មារ ចុះពិនិត្យវត្តមានដង្កូវហ្វូងនិងផ្សព្វផ្សាយវិធានការពារនិងកម្ចាត់នៅចំណុចវាលដង្កោ ខ្ទមចាស់ និងវាលតានួន នៃឃុំគំរូ។

មន្ត្រីបានបន្តថា : វិធានការបន្ត គឺបានសុំអោយអាជ្ញាធរភូមិ ត្រូវផ្សព្វផ្សាយបន្ទាន់ដល់កសិករត្រូវឧស្សាហ៍ចុះពិនិត្យស្រែជាប្រចាំ ។ក្នុងករណីឃើញវត្តមានដង្កូវហ្វូងត្រូវចាត់វិធានការដូចខាងលើ ដើម្បីទប់ស្កាត់និងកាលរាតត្បាតទ្រង់ទ្រាយធំ។

បើតាមមន្ត្រីជំនាញ ជាលទ្ធផលក្រុមការងារបានចុះទៅស្រែកសិករឈ្មោះ ព្រឹក ធំ រស់នៅភូមិគំរូឃុំគុំរូស្រុកថ្មពួក នៅចំណុចវាលខ្ទមចាស់ ភូមិគំរូឃុំគំរូ ពិនិត្យឃើញមានវត្តមានដង្កូវហ្វូងនៅក្នុងស្រែចាប់ពី១០ ទៅ១៥ភាគរយនៃផ្ទៃដីស្រែនីមួយៗ។

បន្ទាប់មកក្រុមការងារបានណែនាំវិធានបន្ទាន់ដូចខាងក្រោម:
១-វិធានការធម្មជាតិ :
– អាចកាច់មែកឈើដាក់ក្នុងស្រែ ដើម្បីអោយដង្កូវមកផ្តុំឬជ្រកហើយយើងប្រមូលចោលឬដុតចោល ។
-អាចប្រើទឹកខ្មេះ លាយជាមួយសាប៊ូ និងទឹកស្អាត ហើយបាញ់ក្នុងបរិវេណមានវត្តមានដង្កូវហ្វូង ។
២-វិធានការគីមី : ប្រើប្រាស់ អាបាមិចទីន -អេម៉ាមេចទីន -បាក់ស៊ីឡុស -អាហ្សាឌីរាក់ទីន និងមានថ្នាំជាច្រើនទៀតតាមក្រុមហ៊ុន ដែលអាចមានសមត្ថភាពដូចគ្នា ។

គិតមកទល់ថ្ងៃទី១៨ខែកក្កដា ស្ថានភាពដង្កូវហ្វូងបានធូរស្រាលដោយសារកសិករប្រើប្រាស់វិធានការណែនាំខាងលើ បូករួមកត្តាអំណោយផលធម្មជាតិមានភ្លៀងធ្លាក់រណ្តំផង ក៏ធ្វើអោយអន្តរាយដង្កូវហ្វូងនេះ ៕