ព័ត៌មានជាតិ

បុណ្យ​ឆ្លង​ព្រះមហាកុដិឆព្វណ្ណរង្សី​ វត្តធម្មសាមគ្គី​ ពង្រ​ ភូមិពង្រ​ ក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ
បន្ទាយមានជ័យ : សមិទ្ធផលនានា ពិសេសព្រះមហាកុដិ​”ឆព្វណ្ណរង្សី”ស្ស្ថិតនៅក្នុងវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមាន​ រាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន​២៥​៨.១៩២​ដុល្លារសហរដ្ឋអាមេរិក​ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លងនិងដាក់អោយប្រើប្រាស់ជាផ្លូវការ។

ព្រះតេជគុណ​ទុន សុមនា​ ជាជំនួយការវត្ត ហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់​វត្តពង្រនេះបានមានសង្ឈដីកាថ្ងៃទី១​៥ ខែកក្កដាឆ្នាំ២០២៤​ថា: សមិទ្ធផលទាំងឡាយដែលបានកកើតឡើង ពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលសម្ពោធពេលនេះគឺបានមកពី​សទ្ធា​ជ្រះថ្លា​ រួមមានប្រជាពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ ,ក្រុងប៉ោយប៉ែត,ខេត្តសៀមរាប​ ,ក្រុងព្រះសីហនុ​ ,ក្រុងសិរីសោភ័ណ​ ,​ស្រុកមង្គលបូរី​ និងស្រុកភ្នំស្រុក​ បានចូលរួមសាមគ្គីគ្នាចូលសទ្ធាជ្រះថ្លា ក្នុងបំណងប្រគេនជាអគារអោយព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិត ឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាង​សំណង់អគារធំៗ​ ក្នុងវត្តនេះ​ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។

លោក​ លី​ សុវណ្ណារិទ្ធ​ បានបន្ត:ថា​ : សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ។

ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន​ ខាងសម្ភារនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌និងគុណធម៌។

ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់​ ព្រះតេជគុណ​ អស់លោកលោកស្រីនិងប្រគល់ប័ណ្ណសរសើរ​, ប័ណ្ណថ្លែងអំណរគុណនិង​ចែកជូនសម្ភារដល់សិស្សានុសិស្សនិងផ្តល់ដល់ប្រជាពលរដ្ឋចូលរួមនូវសារុងក្នុងម្នាក់ៗ​ ។រដ្ឋបាលខេត្តក៏បានប្រគេនថវិកាក្នុងកម្មវិធីចំនួន​ ២លានរៀលផងដែរ ៕