ដោយ : បន្ទាយ
ភ្នំពេញ_ពោធិ៍សាត់ ៖ ក្រសួងការពារជាតិ ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡេីយទេ ។
ក្រសួងការពារជាតិបានបន្តថា: ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ហើយសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន២នាក់គឺប្រធានក្រុមម្នាក់និង អាកាសយានិកម្នាក់ ។
ចំណែកឯលិខិតមួយស្តីពីផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជាលេខ៤១៧/២៤ ចុះថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៤ បានអោយដឹងថា: ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9 លេខMH912 ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទិថ្ងៃដដែល ។លើឧទ្ធម្ភាគចក្រ មានលោកស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក(Pilot) ។
សេចក្តីជូនដំណឹងបានបន្តថា: ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ : ១-ដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាពនិងក្រុមជំនាញ ។
២- ចំពោះវិស័យឯកជនដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។
៣- ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហេីយ។
ក្រសួងការពារជាតិបានឆ្លើយតបនឹងការទទូចស្នើសុំចូលរួមរុករករបស់ផ្នែកឯកជនថា :”ហេតុដូចនេះ សូមវិស័យឯកជនទុកលទ្ធភាពឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន”។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា : ឧប្បត្តិហេតុបាត់ការទាក់ទងឧទ្ធម្ភាគចក្រម៉ាកZ-9 លេខMH912 ពេលហោះហើរហ្វឹកហាត់នោះ គឺមានមនុស្សតែ២នាក់(អ្នកបើកបរនិងជំនួយការ) ប៉ុណ្ណោះនៅលើនោះ ពុំមែនចំនួន៧នាក់ទេ ។ គ្មានអ្វីត្រូវលាក់បាំងទេ ។
លោកបញ្ជាក់ថា ឥឡូវនេះ យើងកំណត់គោលដៅតែក្នុងទំហំដី៥០គីឡូម៉ែត្របួនជ្រុងដើម្បីរុករកអោយសកម្មថែមទៀត ។
សូមបញ្ជាក់ថា មកទល់ពេលនេះ (ពីថ្ងៃទី១២ដល់១៤ខែកក្កដា) មានរយ:ពេល៣ថ្ងៃហើយដែលបេសកកម្មស្វែងរកឧទ្ធម្ភាគចក្រយោធា១គ្រឿងនៅតែមិនទាន់ជួបប្រទះនិងសង្គ្រោះកងទ័ពចំនួន២នាក់គឺប្រធានក្រុមម្នាក់និង អាកាសយានិកម្នាក់ នៅតែមិនទាន់ឃើញឬដឹងពីជោគវាសនា៕