ប្រែសម្រួល៖ រតនា
ប្រភពពីមន្ត្រីសន្តិសុខបានប្រាប់អ្នកយកព័ត៌មាន The Post ថា លោក Donald Trump ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារកាលពីយប់ថ្ងៃសៅរ៍ទី ១៣ ខែកក្កដាក្នុងចេតនាធ្វើឃាតលោកតែម្តងនៅក្នុងពេលកំពុងបើកឆាកយុទ្ធនាការនៅក្នុងរដ្ឋ Pennsylvania បណ្តាលឲ្យគាត់រងរងរបួស។
ក្រុមមន្ត្រីសេវាសន្តិសុខសម្ងាត់បានថ្លែងថាលោក Trump មានសុវត្ថិភាពធម្មតាទេចំណែកអ្នកនាំពាក្យយុទ្ធនាការរបស់លោកបានឲ្យដឹងថាមិនមានអ្វីគួរឲ្យបារម្ភនោះទេចំពោះរបួសរបស់គាត់ហើយលោកត្រូវបានពិនិត្យនិងព្យាបាលរបួសនៅឯកន្លែងមួយក្នុងតំបន់នោះ។ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ដោយក្រុមអន្តរាគមន៏សេវាសន្តិសុខសម្ងាត់អាមេរិក។
មន្ត្រីសេវាសន្តិសុខសម្ងាត់អន្តរាគមន៏ឆ្លើយតបដំបូងរបស់អាមេរិកបានឲ្យដឹងថា ការលបបាញ់ប្រហារនេះត្រូវបានគេជឿថាខ្មាន់កាំភ្លើងបានលាក់ខ្លួននៅលើអគារចម្ងាយរាប់យ៉ាតពីទីតាំងរបស់អតីតប្រធានាធិបតីនៅខាងក្រៅរបងសន្តិសុខ។
នៅមុនការលបបាញ់ប្រហារលើលោក Trump នៅក្នុងការប្រមូលផ្តុំគ្នានៅទីក្រុង Butlerចម្ងាយប្រហែល ៣៥ ម៉ាយភាគខាងជើងនៃទីក្រុង Pittsburgh លោក Trump ត្រូវបានគេរៀបចំខែលការពារដែលហ៊ុមព័ទ្ធទៅដោយភ្នាក់ងារសេវាសន្តិសុខសម្ងាត់តាំងតែពីមុនពេលដែលខ្មាន់កាំភ្លើងបើកការវាយប្រហារមកលើរូបគាត់នេះបើយោងតាមខ្សែវីដេអូបង្ហាញអំពីព្រឹត្តិការណ៍នេះ។
យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានលាក់ខ្លួនស្ថិតនៅលើដំបូលអគារមួយកន្លែងខាងក្រៅបរិវេណនៃការជួបជុំនោះ នេះបើយោងតាមប្រភពចេញពី សាក្សី និងខ្សែវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រុមអ្នកគាំទ្ររបស់លោក Trump ម្នាក់បានប្រាប់អ្នកយកព័ត៌មាន BBC ថាគាត់បានប្រទះឃើញអ្នកលបបាញ់ជាក់ស្តែងនឹងភ្នែកតែម្តងប្រដាប់ដោយកាំភ្លើងវែងនៅលើដំបូលអគារមួយនៅខាងក្រៅបរិវេណប្រមូលផ្តុំនេះ។
សាក្សីដែលជាអ្នករាយការណ៍នោះបានបន្តថា គាត់និងមិត្តភក្តិដែលរៀបចំពិធីជប់លៀងនៅខាងក្រៅការជួបជុំនោះបានមើលឃើញបុរសនោះតម្រង់ភ្លើងមកកាន់ទីតាំងដែលមានការជួបជុំ។
បើយោងតាមខ្សែវីដេអូដែលត្រូវបានគេរាយការណ៍ពីកន្លែងកើតហេតុបានបង្ហាញពីខ្មាន់កាំភ្លើងត្រូវបានស្លាប់នៅលើដំបូលឃ្លាំងមួយ ដោយមានហ្វូងអ្នកគាំទ្រលោក Trump ប្រមូលផ្តុំគ្នាជុំវិញទីនោះ។បន្ទាប់ពីការបាញ់ប្រហារត្រឹមតែប៉ុន្មាននាទីនៅក្នុងការប្រមូលផ្តុំគ្នា គេសង្កេតឃើញលោក Trump ប្រឡាក់ឈាមពេញផ្ទៃមុខរបស់គាត់។
ប្រភពសេវាសន្តិសុខសម្ងាត់បានឲ្យដឹងថាការបាញ់ប្រហារដំបូងដែលបានផ្ទុះឡើង នោះគឺជាគ្រាប់កាំភ្លើងដំបូងបង្អស់ដែលខ្មាន់កំាភ្លើងបានបាញ់សំដៅមកលើរូបលោក Trump ចំណែកការបាញ់ប្រហារនៅក្រោយពេលនោះគឺគេអាចឮថាជាការបាញ់តបគ្នារវាងកម្លាំងសេវាសន្តិសុខសម្ងាត់និងខ្មាន់កាំភ្លើងដែលមានចំនួនប្រាំបួនគ្រាប់។គេសង្កេតឃើញមានឈាមហូរនៅផ្នែកខាងស្តាំនៃផ្ទៃមុខរបស់លោក Trump ។
កងអន្តរាគមគ្រងឈុតទាហានបានប្រញាប់ប្រញាល់ចូលទៅជួយអន្តរាគមន៏នៅក្នុងហេតុការណ៏នេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាខ្មាន់កាំភ្លើងនេះ ទំនងជាមានប្រភពចេញពីក្រុមចោរឆក់។ខ្មាន់កាំភ្លើង ភេទ ប្រុស មានសម្បុរ ស ត្រូវបានសម្លាប់នៅក្នុងការបាញ់តបតគ្នារវាងកម្លាំងសេវាសន្តិសុខសម្ងាត់និងខ្មាន់កាំភ្លើង។
មនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំយុទ្ធនាការនៅ Butler ជាកន្លែងដែលលោក Trump ត្រូវបានពាក្យចចាមអារ៉ាមនិយាយថានឹងធ្វើការប្រកាសអំពីការជ្រើសរើសអនុប្រធានាធិបតីរបស់គាត់នៅមុនមហាសន្និបាតជាតិជាសាធារណរក្នុងសប្តាហ៍ក្រោយ។
“អតិតប្រធានាធិបតី Trump បានថ្លែងអំណរគុណដល់មន្ត្រីសេវាសន្តិសុខសម្ងាត់ដែលជាអ្នកអន្តរាគមន៏ឆ្លើយតបដំបូងភ្លាមៗនៅក្នុងអំឡុងពេលខ្មាន់កាំភ្លើងលបបាញ់ប្រហារមកលើរូបគាត់។ សុខសុវត្ថិភាពរបស់គាត់គឺធម្មតាទេហើយគាត់កំពុងត្រូវបានពិនិត្យនិងព្យាបាលរបួសនៅឯមន្ទីរពេទ្យមួយក្នុងតំបន់។ លោក Steven Cheung អ្នកនាំពាក្យរបស់លោក Trump បានថ្លែងថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងផ្តល់ជូនតាមក្រោយ។
ឧប្បត្តិហេតុមួយនេះបានកើតឡើងនៅល្ងាចថ្ងៃទី ១៣ ខែកក្កដានៅឯការជួបជុំ Trump ក្នុងរដ្ឋ Pennsylvania ។ មិនមានសេចក្តីថ្លែងការណ៍ណាមួយជាផ្លូវការបញ្ជាក់អំពីអត្តសញ្ញាណថាខ្មាន់កាំភ្លើងជាអ្នកណានោះទេ។ក្រុមស៊ើបការណ៍សម្ងាត់កំពុងបន្តសកម្មភាពតាមនីតិវិធី។ ព័ត៌មានបន្ថែមនឹងត្រូវផ្តល់ជូនតាមដែលអាចធ្វើទៅបាន” ៕