ដោយ÷សុខុម
មណ្ឌលគិរី៖ ស្រ្តីម្នាក់បាត់បង់ជីវិតនិងពីរនាក់ទទួលរងរបួសធ្ងន់នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AT.8479បានក្រឡាប់ជាច្រើនត្រឡប់បើកបរដោយឈ្មោះ អូន ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើដំណើចេញពីខេត្តតាកែវ ឆ្ពោះទៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើបុណ្យសពយាយ។ លុះមកដល់ចំណុចកើតហេតុ ដោយស្ថានភាពមេឃចុះអ័ព្ទខ្លាំងមើលមិនច្បាស់ ក៏បានរេចង្កូតទៅបុកតូបលក់អីវ៉ាន់មួយកន្លែងរួចក៏ជ្រុលទៅបុកនឹងបង្គោលខ្សែកាបហើយបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យនារីម្នាក់ឈ្មោះ អូន ស្រីនិច្ច ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាបងស្រីបានស្លាប់នៅនឹងកន្លែង និង២ នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។សពស្រ្តីរងគ្រោះត្រូវបានក្រុមសាច់ញាតិ ដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តតាកែវវិញ។
រីឯរថយន្តមន្រ្តីជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី៕