ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ ស្រុកមង្គលបូរី ដែលមានពលរដ្ឋច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មីតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃហើយ ពោលគឺជាស្រុកទី៤ក្នុងចំណោម៩នៃខេត្តនេះ ដែលនឹងមានអគាររដ្ឋបាលថ្មីបែបនេះ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៤ថា : ពេលនេះ លោកនិងមន្ត្រីបានធ្វើកិច្ចខាងជំនឿនិងសាសនាគឺពិធីសែនព្រេន និងបុកគ្រឹះសាងសង់ជើងសសរនៃអគាររដ្ឋបាលស្រុកដែលមានពលរដ្ឋជាង១៨ម៉ឺននាក់ ឬច្រើនជាងគេក្នុងចំណោមស្រុក ក្រុងទាំង៩របស់ខេត្តបន្ទាយមានជ័យ ពោលគឺអគារនេះមន្ត្រីនឹងមានភាពងាយស្រួលក្នុងបម្រើសេវាជូនពលរដ្ឋ ។
សូមរំលឹកថា : កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងមកលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកមង្គលបូរី ១ខ្នង មានកម្ពស់២ជាន់ ។
គឺស្ថិតនៅពីមុខអគាររដ្ឋបាលចាស់នៃសាលាស្រុកដែលមានរាងដូចជាសាលារៀនផ្ទាល់ដី១ខ្នងនិងតសំយាបទៅក្រោយ ហើយផ្ទុកមន្ត្រីនិងអ្នកស្ម័គ្រចិត្តបម្រើការងារយ៉ាងណែនដូចកន្តំ។
សាលាស្រុកមង្គលបូរីមានទីតាំងស្ថិតនៅបណ្តោយផ្លូវខេត្តលេខ១៥៩បេ ភូមិ-ឃុំឫស្សីក្រោក ឬទីរួមស្រុក ។
អគារចាស់សាលាស្រុកនេះត្រូវរក្សាទុកជាកន្លែងធ្វើការនិងបន្ទប់ប្រជុំ ។គឺគ្រាន់តែរុះរើហោជាងនៃខ្នងលយមកមុខអគារតែបន្តិចប៉ុណ្ណោះ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានធ្វើពិធីញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណចំនួន១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៦ ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
អគាររដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវអនុវត្តចាប់ពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ ដល់ខែ កមរា ឆ្នាំ ២០២៥ ខាងមុខ ៕