ព័ត៌មានជាតិ

កាមេរ៉ាថតជាប់ហ្វូងសត្វធំៗក្នុងតំបន់ព្រៃការពារធម្មជាតិ

ដោយ៖សុខុម
ស្ទឹងត្រែង៖ មន្ត្រីបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមតំបន់មួយចំនួនក្នុងព្រៃការពារធម្មជាតិ គេតែងប្រទះឃើញហ្វូង សត្វដែលកំពុងតែរងគ្រោះជាច្រើន នៅបន្តរស់នៅ យ៉ាងសុខសាន្ត។


សត្វដែល ថតជាប់ក្នុងកាមេរ៉ាមានដូចជាសត្វខ្ទីង,ទន្សោង,ឈ្លូសនិងសត្វផ្សេងៗជាច្រើនទៀត។តំបន់ការពារទេសភាពទាំងនោះគ្រប់គ្រងដោយមន្ទីរបរិស្ថានស្ថិតនៅភូមិសាស្ត្រឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។


លោក ឈួន ឆនអនុប្រធានការិយាល័យរ៉ាមសារបាននិយាយឱ្យដឹងថា កាលពីកន្លងទៅថ្មីនេះ ក្រុមការងារបានសហការជាមួយ គណ:កម្មការសហគមន៍ព្រៃឈើ(ប្រជុំមិត្ត)ឃុំ សំអាង ចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទក្នុងតំបន់ការពារទេសភាពស្ទឹងត្រែងក៏បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល ៥ ទៅ ៦ ក្បាល។

ក្រុមការងារល្បាតក៏បានបន្តទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍ បានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុងព្រៃផងដែរ។


មន្ត្រីបរិស្ថានបាន និយាយបន្តទៀតថាយោងតាមការផ្ដល់ព័ត៌មាន ពីគណ:កម្មការសហគមន៍ ក្នុងព្រៃនេះ គឺ សំបូរសត្វព្រៃដូចជា ខ្ទីង,ទន្សោង,ឈ្លូស-ល- ហើយសហគមន៍បានបំពាក់កាមេរ៉ា ថតសត្វ ចំនួន៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំងនោះ។


សហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតាស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡា
បរិវ៉ាត់ ។មានព្រៃដុះស្អេកស្កះជាច្រើនដែលមានសក្តានុពលដ៏ល្អសម្រាប់សត្វរស់នៅ។


លោក ឈួន ឆនបានបញ្ជាក់ថា៖កម្លាំងរបស់លោកបានចុះល្បាតជាប្រចាំបន្តបន្ទាប់ដោយមានការប្តូរតំបន់ដោយសារក្នុងតំបន់ការពារទេសភាពមានសហគមន៍ប្រជុំមិត្ត,សហគមន៍ជាំពេជ្រ,សហគមន៍អូរស្វាយ,សហគមន៍ភ្នំរមៀត,សហគមន៍ក្រឡាពាស។


តំបន់ខាងលើនេះគណ:កម្មការសហគមន៍ព្រៃឈើប្រជុំមិត្តកំពុងស្នើកាមេរ៉ាពីអង្គការសម្ព័ន្ធសត្វព្រៃបន្ថែមដើម្បីយកមកបំពាក់តាមដានពីសកម្មភាពហ្វូងសត្វព្រៃ។


បន្ថែមពីនេះ ក្រុមការងារបាន ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមអភិរក្សធនធានធម្មជាតិដើម្បីកុំឲ្យពួក
គាត់ធ្វើស្វ័យជីវកម្មបរបាញ់សត្វព្រៃ តទៅទៀត៕