សន្ដិសុខសង្គម

ត្រាក់ទ័រជាន់មីនតោនទៀតហើយនៅខេត្តព្រះវិហារ

ដោយ : បន្ទាយ
ព្រះវិហារ ៖ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនទៀតហើយ បង្កឲ្យផ្ទុះនៅចំណុចខាងលិចទួល៤២ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មន្ត្រីអាជ្ញាធរនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួតបានអោយដឹងថ្ងៃទី២៥ខែមិថុនាថា ការផ្ទុះមីនប្រឆាំងរថក្រោះនោះបណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់(បែកក្បាលជង្គង់ និងរបួសតាមដងខ្លួន)ពលរដ្ឋជាកសិករម្នាក់។

ប្រភពបន្តថា: ជនរងគ្រោះថ្នាក់មានឈ្មោះ អុល ស៉ីម ភេទប្រុស ​អាយុ៤២ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ បច្ចុប្បន្នជននេះបានមករស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុអ្នករបួសត្រូវបានដឹកយកមកសម្រាកព្យាបាលបឋមនៅមន្ទីរពេទ្យសម្តេចជាស៊ីមស្រអែម (ពេទ្យអគ្គ: អគ្គបញ្ជាការដ្ឋានកងអង្គរក្ស) រួចបញ្ជូនបន្តទៅពិនិត្យនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។

អាជ្ញាធរមីននិងសង្គ្រោះជនរងគ្រោះបានអោយដឹងថា: ដូចមុនៗដែរ ករណីលើកនេះ អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល ៕