ព័ត៌មានជាតិ

បេីក​ការដ្ឋាន​សាងសង់ប្រព័ន្ធចែកចាយទឹក​តាមបណ្តាញ​បំពង់ខ្នាតតូច​ សហសហគមន៍ភូមិ/ឃុំគោករមៀត​ ស្រុកថ្មពួក

ដោយ : បន្ទាយ
បន្ទាយមានជ័យ:ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទនិងពិពិធកម្មសកម្មភាពសេដ្ឋកិច្ច​ជនបទ​ឲ្យកាន់តែប្រសើរឡើង​ ក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹ​កតាមបណ្តាញបំពង់ខ្នាតតូច​ ទៅសហគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោករមៀត​ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

កម្មវិធីធ្វើកាលពីថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ លោកប៊ុន​ ច័ន្ទវណ្ណៈ​  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាងលោក​ ឆាយ​ ឫទ្ធីសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអធិបតីភាព។

នេះជាកម្មវិធីទីពីរ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ។ ជំហាន​ដំបូងជូន​ដល់ប្រជាពលរដ្ឋបានទៅប្រើប្រាស់ផ្គត់ផ្គង់នឹងបន្តជាជំហានៗ​ ព្រោះថាតំបន់នេះពេលរដូវប្រាំងជួបនូវការលំបាកខ្វះទឹកប្រើប្រាស់ជាអន្លើៗ។

បើតាមលោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានអោយដឹងថា​: ការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចនៅក្នុងសហគមន៍ដល់ប្រជាពលរដ្ឋនេះក្នុងគោលដៅកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយ:ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចម្រុះដែលជាកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឃន៍ជនបទ គឺក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ​ នៅទីជនបទ​ ឱ្យប្រសើរឡើង​ ហើយការជំរុញការអនុវត្តយុទ្ធសាស្ត្រជាអាទិភាពបាននិងកំពុងរួមចំណែកយ៉ាងច្រើននៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ​ នៅជនបទ​ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច។

លោកប៊ុន​ ច័ន្ទ​វណ្ណៈ ​បានមានប្រសាសន័ថា​: រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ​ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ​ គឺមនុស្ស ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា។ ក្នុងគន្លឹះអាទិភាពទាំងប្រាំនោះគឺមានទឹកដែរ ។ទឹកមានសារ:សំខាន់ណាស់សម្រាប់មនុស្ស សត្វនិងរុក្ខជាតិ។

លោកប៊ុន​ ច័ន្ទ​វណ្ណៈ រដ្ឋលេខាធិការបានបន្តថា​: ប្រជាពលរដ្ឋនៅជនបទ​ បេីមានផ្លូវ​ មានទឹក​មានភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយនោះ​ គឺមានឱកាសប្រកបរបរបន្ថែមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​ បន្ថែមពីនេះប្រជាពលរដ្ឋនៅទីជនបទមាន​លំនៅឋាន​សមរម្យ​ មានសេវាទឹកស្អាត​ សេវាអគ្គិសនីគ្រប់គ្រាន់​ ធ្វើឲ្យសហគមន៍កាន់តែទំនើប។

ចុងក្រោយ​ មានការចែកជូនជាកន្សែងដល់បងប្អូនប្រជាពលរដ្ឋម្នាក់១ផងដែរ ៕