ព័ត៌មានជាតិ

តំណាងអគ្គស្នងការបើកកិច្ចប្រជុំពង្រឹងការងាសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចការងាសន្តិសុខខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤ ថា: កិច្ចប្រជុំធ្វើនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកអធិការរងផែនសន្តិសុខ មកពីគ្រប់ក្រុងស្រុកទាំង៩ និងមន្ត្រីនគរបាលជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និង លទ្ធផលប្រតិបត្តិការដែលសម្រេចបានកន្លងមក។ លោកក៏បានធ្វើការណែនាំដល់ លោក លោកស្រី ដែលបានចូលរួមសូមត្រងត្រាប់ស្ដាប់និងកត់ត្រានូវអនុសាសន៍ និងបទពិសោធដ៏មានតម្លៃរបស់ គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក អុី សុខឃី បានកោតសរសើរចំពោះលទ្ធផលការងារកន្លងមកលើការងារគ្រប់គ្រងសន្ដិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកក៏បានណែនាំដល់មន្ដ្រីនគរបាល ពិសេសមន្ដ្រីនគរបាលប៉ុស្ដិ៍ដែលនៅមូលដ្ឋានផ្ទាល់ ត្រូវចេះបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ ភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានព័ត៌មាននានា សំដៅចូលរួមទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី ក៏បានទាញនូវការចាប់អារម្មណ៍ ក៏ដូចជាដាស់តឿនដល់កម្លាំងនគរបាលទាំងអស់ ត្រូវក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធការគ្រប់គ្រងសន្ដិសុខឯកជន អង្កការ សមាគម គណបក្សនយោបាយនានា ហើយត្រូវប្រុងប្រយ័ត្នចំពោះជនឱកាសនិយម ដែលជ្រកក្រោមស្លាកទាំងនេះ ដើម្បីប្រមូលកម្លាំងប្រឆាំងរាជរដ្ឋាភិបាល និងធ្វើឲ្យប៉ះពាល់សន្ដិសុខជាតិ៕