ព័ត៌មានជាតិ

គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ

សៀមរាប៖ សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។

(រូបភាព: លោក ភោគ ជា និងក្រុមការងារសហគមន៍)

លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូក របស់សហគមន៍បារាយណ៍ជយតដាក បានឱ្យដឹងថា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។

(រូបភាព: លោក ភោគ ជា និងក្រុមការងារសហគមន៍)

អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ៕

អត្ថបទ: លោក យី សុថា)

(រូបភាព: លោក ភោគ ជា និងក្រុមការងារសហគមន៍)