សន្ដិសុខសង្គម

ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធអាវុធជាង ៤០ដើម

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ សមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យពាក់ព័ន្ធជាមួយនឹងអាវុធវែងជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

នគរបាលជំនាញបានបង្ហើបឲ្យដឹងថា÷ ករណីបង្ក្រាបបទល្មើសខុសច្បាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅលំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី ២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដែលមានការសម្របសម្រួលនីតិវិធី របស់លោក ទុត វិនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងគណ:កម្មការបានឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ផ្ទះ និងបានឆែកឆេររកឃើញអាវុធចំនួន ៤១ដើម រួមទាំងគ្រាប់ចម្រុះសរុបចំនួន ២២គ្រាប់ផងដែរនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ខាងលើផ្ទះ។

អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កាំភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ចំនួន ៥ដើម, កាំភ្លើងរ៉ូឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វចំនួន ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, បង់ M ១៦ ចំនួន ១៤បង់, គ្រាប់AK 47, M 16, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។

ក្រោយការរឹបអូសវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ឈ្មោះសាន់ ភ័ណ្ឌ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមនីតិវិធីដើម្បីសាកសួរបន្ត៕