ដោយ : បន្ទាយ
បន្ទាយមានជ័យ :មានក្មេងៗ៨នាក់ដែលជាអ្នកធ្វើសកម្មភាពទំនើង ដូចជាជិះម៉ូតូ ៦គ្រឿងនាំគ្នាជិះបង្អួត ក្នុងនោះមានអ្នកជិះម៉ូតូបង្ហោះកង់១ មានអ្នកជិះម៉ូតូលឿនដូចហោះនិងកាច់ចង្កេះរេចុះឡើងនៅតាមដងផ្លូវសាធារណៈ ដែលចាត់ទុកជាអំពើបង្កចលាចល បង្កខូចសណ្តាប់ធ្នាប់ សប្បាយខ្លួនឯង តែងាយឬបង្កហានិភ័យដល់អ្នកដទៃដូចជាបុកមនុស្សរបួស ស្លាប់….ទាំងកណ្តាលថ្ងៃ យប់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនយកមកអធិការនគរបាលក្រុងសិរីសោភ័ណធ្វើតាមនីតិវិធី។
លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថ្ងៃទី៣ខែមិថុនាថា : តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចេញធ្វើសកម្មភាពបង្រ្កាបក្រុមក្មេងទំនើងឲ្យបានជាប្រចាំដូចភ្លៀងរលឹម។
ក្រោយពីទទួលបានបទបញ្ជាហើយ កម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំងបួននាភូមិកណ្តាលក្រុងបានចុះបង្ក្រាបមុខសញ្ញាក្មេងទំនើងបាន៨នាក់។
ក្នុងនោះមានអ្នកជិះម៉ូតូបង្ហោះ មានអ្នកជិះម៉ូតូលឿនដូចហោះនៅតាមដងផ្លូវសាធារណៈ មាន ទាំង ម៉ូតូបំពាក់បំពង់ស៊ីមាំងលឺខ្លាំងៗ កែច្នៃ ធ្វើសកម្មភាពយ៉ាងសប្បាយមិនភ័យនឹងការបុកមនុស្សស្លាប់នោះឡើយ ទាំងកណ្តាលថ្ងៃត្រង់ នៅតាមដងផ្លូវសាធារណៈ ក្នុង ក្រុងសិរីសោភ័ណ ។
ការបង្ក្រាបនេះនគរបាលប្រតិបត្តិការចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៤។
លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងបន្តទៀតថា ក្មេងទំនើងទាំង៨នាក់នោះ ក្រោយពីធ្វើការស៊ើបអង្កេតរួចមករកឃើញថា ម្នាក់ផ្ទុកសារធាតុញៀននិងមានបទល្មើសព្រហ្មទណ្ឌ បញ្ជូនទៅតុលាការខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ១នាក់ទៀត ផឹកស្រាស្រវឹងបើកម៉ូតូ ។
ចំណែក ៦នាក់ទៀត ជិះម៉ូតូលឿនដូចហោះនិងកាប់ចង្កេះរេចុះឡើងនៅតាមដងផ្លូវសាធារណៈ មាន ទាំង ម៉ូតូបំពាក់បំពង់ស៊ីមាំងលឺខ្លាំងៗទៀតផង។
លោក សុី ឌី បានឲ្យដឹងបន្តទៀតថា : តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យ ក្មេងទំនើង ៧នាក់នោះអញ្ជើញ ឪពុកម្តាយ មកអធិការ នគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរជាលើកទី១ ។
តែបើមានលើកទី២ទៀតសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់មិនឱនឲ្យបន្តទៀតឡើយ ៕