អន្តរជាតិ

អ្នកបាញ់មន្រ្តីប៉ូលិស២នាក់ជាជនចំណាកស្រុកទើបឆ្លងចូលទឹកដីអាមេរិកថ្មីៗ

ប្រែសម្រួល៖រតនា
ភ្នាក់ងារប៉ូលិសពីរនាក់ត្រូវបានខ្មាន់កាំភ្លើងដែលជាជនចំណាកស្រុកវេណេស៊ុយអេឡាអាយុ ១៩ ឆ្នាំបាញ់ប្រហារកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេព្យាយាមបញ្ឈប់ជននេះកំពុងជិះម៉ូតូ។

ភ្នាក់ងារប៉ូលិសបាននិយាយថា បន្ទាប់ពីប្រទះឃើញ Bernardo Castro Mata បើកបរខុសផ្លូវនៅផ្លូវលេខ 89th និង 23rd Avenue ក្នុងទីក្រុង Elmhurst នៅម៉ោងប្រហែល 1:40 ព្រឹក មន្រ្តីប៉ូលិសបានព្យាយាមចាប់ទាញជននេះចេញពីម៉ូតូ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានបោះចោលម៉ូតូហើយក៏រត់គេចខ្លួនយ៉ាងលឿន។

ក្នុងពេលដេញតាមនោះ យុវជនរូបនេះបានដកកាំភ្លើងខ្លីមួយដើមបាញ់ជាច្រើនគ្រាប់មកលើមន្ត្រីប៉ូលិស។

ប៉ូលិសម្នាក់ឈ្មោះ Christopher Abreu អាយុ ២៦ ឆ្នាំបានត្រូវគ្រាប់កាំភ្លើងត្រង់ជើងខណៈដែលដៃគូរបស់គាត់ឈ្មោះ Richard Yarusso អាយុ ២៦ ឆ្នាំដែរនោះត្រូវបានបាញ់ចំអាវការពារគ្រាប់កាំភ្លើងរបស់គាត់។យ៉ាងហោចណាស់មានមន្ត្រីម្នាក់បានបាញ់តបតវិញត្រូវចំកជើងជនល្មើស។

ប៉ូលិសបានឲ្យដឹងថា ក្មេងជំទង់នេះមិនធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនៅក្នុង Big Apple នោះទេ ប៉ុន្តែជាជនសង្ស័យនៅក្នុងការស៊ើបអង្កេតក្នុងបទ “លួចនិងឆក់” ជាច្រើនករណីនៅក្នុង Queens រួមទាំងករណីមួយដែលមានស្ត្រីម្នាក់ចោទក្មេងនេះថាបានវាយគាត់យកកាតឥណទាន។


Edward Caban ស្នងការប៉ូលិស បាននិយាយថាក្មេងជំទង់នេះបានរស់នៅក្នុងជំរកជនចំណាកស្រុកដែលជាអតីតសណ្ឋាគារ Courtyard Marriott ក្បែរព្រលានយន្តហោះ LaGuardia ។

ប្រភពពីសមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថាក្មេងនេះបានចូលសហរដ្ឋអាមេរិកតាមរយៈ Eagle Pass រដ្ឋតិចសាស់ កាលពីខែកក្កដាឆ្នាំមុន។

ក្មេងនេះត្រូវបានប៉ូលិសបញ្ជូនទៅកាន់មជ្ឈមណ្ឌល NewYork-Presbyterian Queens ដើម្បីទទួលការវះកាត់យកគ្រាប់កាំភ្លើងចេញពីមុខរបួស។

Caban បាននិយាយថា ប៉ូលិសដែលរងរបួសទាំងពីរនាក់មាន “ស្ថានភាពល្អ” បន្ទាប់ពីត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Elmhurst General។

Hizzoner បាននិយាយថា “ដោយសារតែអាវកាក់នេះ ប៉ូលិសវ័យក្មេងអាចរក្សាជីវិតបាន” ។
ស្នងការប៉ូលិសមិនបានបញ្ជាក់អំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះក្មេងជំទង់ដែលបានបាញ់ប្រហារមកលើមន្រ្តីប៉ូលិសទាំងពីរនាក់នេះនោះទេ៕