ដោយ÷សុខុម
កណ្តាល÷កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៩ ឧសភា២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធរំលោភក្មេងស្រីម្នាក់ទើបនឹងមានអាយុ១២ឆ្នាំ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ទទួលរងចាប់រំលោភសេពសន្ថវៈ បង្កឡើងដោយក្មេងទំនើងមួយក្រុមចំនួន៥នាក់នៅក្នុងបន្ទប់ផ្ទះជួលមួយមានលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីមានរឿងបែបនេះ ក្រុមគ្រួសារ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ៥នាក់។មានឈ្មោះ ឈួន គីមឡេង អាយុ២១ឆ្នាំ,ឈ្មោះ ខន បុរី អាយុ១៤ឆ្នាំ,ឈ្មោះ ហ៊ន វីរៈយុទ្ធ អាយុ១៦ឆ្នាំ,ឈ្មោះ ខន វីរៈ អាយុ១៣ឆ្នាំ។
សមត្ថកិច្ចបាននិយាយថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅភូមិសាស្ត្រ ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ លី គឹមលី អាយុ១៦ឆ្នាំ ឃាត់ខ្លួនបាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនសាកសួរ មកដល់ល្ងាចថ្ងៃទី២៩ឧសភា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់សំណុំរឿងជនសង្ស័យទាំង៥នាក់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕