សន្ដិសុខសង្គម

អាជ្ញាធរប្រកាសឲ្យមានការប្រុងប្រយ័ត្នទៅទិញដីឡូត៍មួយកន្លែងនៅក្រុងបាវិតខេត្តស្វាយរៀង

ដោយ÷សុខុម
ស្វាយរៀង ៖អាជ្ញាធរបានប្រកាសថា គម្រោងអាជីវកម្មដីឡូត៍មួយកន្លែងនៅក្រុងបាវិតខេត្តស្វាយរៀងពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងកំពុងមានបញ្ហាជាច្រើនជាប់បំណុលធនាគារ។

កាលពីពេលថ្មីៗកន្លងនេះ រដ្ឋបាលក្រុងបាវិតបានចុះផ្អាកអាជីវកម្មដីឡូតិ៍ ១កន្លែងដែលមានស្លាកគម្រោង «លីទីអភិវឌ្ឍន៍ក្រុងបាវិត» គ្មានច្បាប់អនុញ្ញាត និងកំពុងពាក់ព័ន្ធបញ្ហាជាច្រើនមិនទាន់ដោះស្រាយចប់។

រដ្ឋបាលក្រុងបាវិតបានបញ្ជាក់ថា៖ «គម្រោងលីទីអភិវឌ្ឍន៍ ក្រុងបាវិត ប្រកបអាជីវកម្មលក់ដីឡូតិ៍មានទីតាំងស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ ។

គម្រោងដីឡូត៍អភិវឌ្ឍន៍ក្រុងបាវិតនេះមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៨០២០៣-៣១៦៧ មានទីតាំងដីគម្រោង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ខាងត្បូងផ្សារអន្តរជាតិបាវិត) បានចុះបញ្ជីហ៊ីប៉ូតែក (ជាប់បន្ទុកធនាគារ)។

បច្ចុប្បន្ន ក្រុមហ៊ុនខាងលើកំពុងប្រកាសដាក់លក់ដីឡូតិ៍ តាមរយៈក្រុមហ៊ុនស៊ី អិល ភី អ ខនស្ត្រាក់សិន ឯ.ក (CLPR CONSTRUCTION CO.,LTD) និងមាន Facebook Page ឈ្មោះ ស៊ី អិលភីអខនស្ត្រាក់សិន។
ហេតុដូច្នេះហើយទើបអាជ្ញាធរប្រកាសឲ្យមានការប្រុងប្រយ័ត្ន៕