ដោយ : ប.ជ័យ
បន្ទាយមានជ័យ ៖ ក្មេងស្រី យាយតាជនរងគ្រោះនិងសមត្ថកិច្ចទើបធ្វើអោយបែកធ្លាយករណីបុគ្គលនាយករងសាលាបឋមសិក្សាថ្មពួក ស្ថិតភូមិអ្នកតាឃុំ/ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានល្បួងសិស្សស្រីអនីតិជនអាយុ១២ ឆ្នាំយកទៅរំលោភ ជាថ្នូរនឹងបានចំណាត់ថ្នាក់សិក្សាល្អ។ក្មេងស្រីសិស្សសាលា បានប្តឹង ហើយសមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឃាត់ខ្លួនបុរសនោះនៅល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២៤។
លោក វរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា : ជនសង្ស័យមានឈ្មោះមន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ ឆ្នាំ ជានាយករងនៃសាលាបឋមសិក្សាថ្មពួក រស់នៅភូមិអណ្តូងខ្លុង ឃុំ គំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
យោងតាមពាក្យបណ្តឹងរបស់ជីតាក្មេងស្រីបានប្តឹង ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបបជានាយករងសាលា បឋមសិក្សាថ្មពួកពីបទបានល្បួងចៅស្រីរបស់គាត់មានអាយុ១២ឆ្នាំយកទៅរំលោភ ។
ក្មេងស្រីជាជនរងគ្រោះបានរស់នៅជាមួយយាយតា នៅពេលឪពុក -ម្តាយនាងបានទៅធ្វើការនៅប្រទេសថៃ ។
ក្នុងបណ្តឹងបានរៀបរាប់ថា : ជនសង្ស័យបានល្បួងចៅរបស់គាត់យកទៅរំលោភសេពសន្ថវៈបានសម្រេចជាច្រើនលើក ។ ក្នុងនោះ ប្រព្រឹត្តនៅអំឡុងខែមេសា ឆ្នាំ២០២៤ ចំនួន៦ដង ។
អំឡុងខែឧសភាឆ្នាំ២០២៤ រំលោភបានចំនួន៧ដង ។រីឯទីកន្លែងមានហៅទូរសព្ទណាត់ទៅរំលោភក្នុងបណ្ណាល័យសាលាបឋមសិក្សាថ្មពួក។
បណ្តឹងបានបញ្ជាក់ថា: ការលួងលោមរំលោភនោះ ជនសង្ស័យនេះ បានផ្តល់ជាថ្នូរដល់នាងសិស្សរងគ្រោះដោយអោយចំណាត់ថ្នាក់ល្អលើការសិក្សាដូចជា : ពិន្ទុច្រើន ខ្ពស់ វិចារណាលើចំណាត់ថ្នាក់ក៏ល្អ ហើយឲ្យលុយសរុប៩ ម៉ឺនរៀលប៉ុណ្ណោះ.។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ឲ្យដឹងទៀតថា : ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មន្ត សុមិត្ត ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជានាយករង សាលាបឋម សិក្សាថ្មពួករួចមក នគរបាលជំនាញស្រុកបានសួរចម្លើយ តែដើម្បីលម្អិតនិងកសាងសំណុំរឿងបញ្ជូនបន្តទៅ ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។
លោកស្រីឧត្តមសេនីយ៍ត្រីឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតជន អោយដឹងថ្ងៃទី២៦ខែឧសភាថា : ពេលសួរចម្លើយ ជនសង្ស័យបានសារភាពទទួលខុសត្រូវលើអំពើល្មើសនេះរបស់ខ្លួនដូចដែលចោទប្រកាន់មែន ។
លោកស្រីឧត្តមសេនីយ៍ត្រីឌី សុជាតិ បានបន្តថា :ក្នុងពាក្យបណ្តឹង អាណាព្យាបាលជនរងគ្រោះដែលជាដើមបណ្តឹងបានប្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារនិងឲ្យចាត់ការតាមនីតិវិធី។
សមត្ថកិច្ចនគរបាលជំនាញនឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យអាចនឹងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអោយអយ្យការនិងចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន រួចបញ្ជូនទៅពន្ធគារខេត្តបន្ទាយមានជ័យ ៕