ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមេរៀនលំហាត់របៀបនៅនឹងកន្លែង ដល់នគរបាលសិក្ខាកាមចំនួន៦១នាក់ ក្រោយពីដំណើរការវគ្គបញ្ចប់ការសិក្សារយៈពេល២សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ស្នងការរង នាយ នាយរង ការិយាល័យបុគ្គលិក ការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និង មន្ត្រីនគរបាលជាសិក្ខាកាមច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្នងការរង លោកនាយ នាយរង ការិយាល័យបុគ្គលិក និងការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជ្រោមជ្រែងរហូតវគ្គនេះទទួលបានលទ្ធផលល្អនិងសម្រេចជោគជ័យតាមផែនការ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញប្រើប្រាស់ឱ្យចំគោលដៅ និងត្រូវចែករំលែកបទពិសោធដល់កម្លាំងផ្សេងៗទៀតនៅតាមអង្គភាពរាងខ្លួនៗឱ្យមានប្រសិទ្ធភាព ប្រើប្រាស់ជំនាញឱ្យមានប្រយោជន៍ដល់អង្គភាពនិងមនុស្សទូទៅក្នុងសង្គម
ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អ ទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយជា ពលរដ្ឋល្អ មន្រ្តីនគរបាលល្អ ៕