អន្តរជាតិ

លោកPutin បើកយុទ្ធានាការចាប់ខ្លួនមេទាហានគ្រាក់ៗជាបន្តបន្ទាប់ក្នុងរឿងពុករលួយ

ប្រែសម្រួល៖ស-សម្បត្តិ
សារព័ត៌មានរដ្ឋ TASS បានឲ្យដឹងថា តុលាការយោធាបានបញ្ជាក់កាលពីថ្ងៃពុធថា លោកឧត្តមសេនីយ៍ Shamarin ដែលជានាយកទំនាក់ទំនងរបស់ក្រសួងការពារជាតិត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគាររយៈពេលពីរខែ។ ការចាប់ឃុំខ្លួនលោកឧត្តមសេនីយ៍ Shamarin នេះ គឺជាបុគ្គលទីបួននៅក្នុងក្រសួងការពារជាតិដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើពុករលួយទាក់ទងនឹងការផ្តល់កិច្ចសន្យាយោធាដែលអាចរកប្រាក់កម្រៃបានមហាសាល។

លោកឧត្តមសេនីយ៍ Shamarin ត្រូវបានចាប់ខ្លួននៅក្រោយពេលដែលមានការចាប់ខ្លួនមន្ត្រីការពារជាតិកំពូលៗផ្សេងទៀតចំនួនបីរូបដែលអាជ្ញាធរបញ្ជាក់ថា ពាក់ព័ន្ធក្នងសំណុំរឿងពុករលួយ។

នៅដើមខែនេះ លោកឧត្តមសេនីយ Ivan Popov អតីតមេទ័ពកំពូលជួរមុខរបស់រុស្ស៊ីនៅអ៊ុយក្រែន និងឧត្តមសេនីយ៍ឯក Yuri Kuznetsov ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទទួលសំណូក។

កាលពីខែមេសា អនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដែលជាសហការីដ៏ជិតស្និទ្ធរបស់អតីតរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទស៊ីសំណូក។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្រោយមកបានបណ្តេញលោក Shoigu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់គាត់កាលពីខែឧសភា ដោយ សេដ្ឋវិទូ Andrei Belousov ជាជំនួសវិញ។

លោក Shoigu ត្រូវបានស្តីបន្ទោសចំពោះការធ្វើឲ្យទ័ពរុស្សីរងការបរាជ័យនៅក្នុងការវាយដណ្តើមយកទីក្រុង Kyiv នៅដំណាក់កាលដំបូងនៃការប្រយុទ្ធគ្នានៅលើទឹកដីអ៊ុយក្រែន ហើយត្រូវបានលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីឆ្នាំមុន ចោទប្រកាន់ថាអសមត្ថភាព និងប្រព្រឹត្តអំពើពុករលួយ។

មនុស្សបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ដែលជាផ្នែកមួយនៃការបង្រ្កាប នោះគឺជាមិត្តភក្តិរបស់អតីតអនុរដ្ឋមន្ត្រីការពារជាតិ Ivanov ដែលជាថៅកែនៅក្រុមហ៊ុនសំណង់មួយដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់និងអតីតប្រធានក្រុមហ៊ុនជាច្រើនរូបទៀតផងដែរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។


ឧត្តមសេនីយ៍ Shamarinគឺជាអនុប្រធានរបស់លោកឧត្តមសេនីយ៍ Valery Gerasimov ដែលជាប្រធានបុគ្គលិកទូទៅ។ លោក Gerasimov មិនត្រូវបានរងការចោទប្រកាន់លើបទល្មើសណាមួយឡើយ ទោះបីជាពេលខ្លះគាត់បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការអនុវត្តច្បាប់យោធារបស់រុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។


វិមានក្រឹមឡាំងបានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងធ្វើការបោសសំអាតគោលដៅសំខាន់២ដែលពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មានថា “ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតែបន្តតែមិនមែនជាយុទ្ធនាការនោះទេគឺគ្រាន់តែជាសកម្មភាពរបស់សមត្ថកិច្ចអនុវត្តច្បាប់” ។

• ការវាយលុកលើសមរភូមិដ៏សំខាន់

ការចាប់ខ្លួន និងការផ្លាស់ប្តូរការដឹកនាំនៅក្រសួងការពារជាតិកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបានឈានទៅដល់សមរភូមិដ៏សំខាន់បំផុតមួយក្នុងរយៈពេល ១៨ ខែជាមួយនឹងការវាយលុកដ៏ធំលើតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែន។

អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីទៅលើទីក្រុង Kharkov ដែលជារដ្ឋធានីក្នុងតំបន់បានសម្លាប់មនុស្ស ៦ នាក់ និងយ៉ាងហោចណាស់ ១៦ នាក់រងរបួស។
អភិបាលខេត្ត Oleh Syniehubov បាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុង Kharkiv ប្រហែល ១០ ដង។ លោកបាននិយាយថា ការវាយប្រហារក៏បានកំណត់គោលដៅ Zolochiv និង Liubotyn នៅក្នុងតំបន់ Kharkiv ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់រងរបួសនៅក្នុងទីក្រុងនីមួយៗ។
ដោយបង្ហោះសារនៅលើ Telegram លោក Syniehubov បានរាយការណ៍ថាមនុស្សជិត ១១,០០០ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយទ័ពថ្មើរជើងកាលពីថ្ងៃទី ១០ ខែឧសភា។

អាជ្ញាធរក្នុងតំបន់បាននិយាយថា នៅក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែនបានបាញ់បង្ហោះដ្រូននៅភូមិមួយក្នុងតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ី ហើយបានបាញ់ផ្លោងទៅលើទីក្រុង Gorlivka ដែលកាន់កាប់ដោយរុស្សីនៅភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សពីរនាក់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននៅទីក្រុង Belgorod បានបំផ្លាញគ្រាប់រ៉ុក្កែត Olkha និង Vampire ចំនួន ៣២ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងដែលត្រូវបានបាញ់បង្ហោះដោយអ៊ុយក្រែនពេញមួយយប់។

វិមានក្រឹមឡាំងនិយាយថា ការវាយលុកថ្មីរបស់ខ្លួននៅទីក្រុង Kharkov គឺសំដៅបង្កើត “តំបន់សន្តិសុខ” ដើម្បីការពារការវាយប្រហាររបស់អ៊ុយក្រែននាពេលអនាគតឆ្លងកាត់ព្រំដែនរបស់ខ្លួន៕
ប្រភព៖ AL JAZEERA