អន្តរជាតិ

មេប្រើសដ៏ធំមួយក្បាលវាយប្រហារបុរសអាឡាស្កាអាយុ ៧០ ឆ្នាំបណ្តាលឲ្យស្លាប់ដោយសារតែព្យាយាមលួចថតរូបកូនតូចៗរបស់វាដែលទើបនឹងកើត

ប្រែសម្រួល៖ស្រីស្រស់
លោក Austin McDaniel អ្នកនាំពាក្យនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Alaska បានឲ្យដឹងថា កាលពីថ្ងៃចន្ទ មានមេប្រើសដ៏ធំមួយក្បាលបានវាយប្រហារបុរសអាឡាស្កាអាយុ ៧០ ឆ្នាំម្នាក់រហូតដល់ស្លាប់ដោយសារតែគាត់បានព្យាយាមលួចថតរូបកូនៗរបស់វាដែលទើបនឹងកើតចំនួនពីរក្បាល។ បុរសដែលបានស្លាប់កាលពីថ្ងៃអាទិត្យត្រូវបានកំណត់អត្តសញ្ញាណដែលមានឈ្មោះថា Dale Chorman រស់នៅក្រុង Homer រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

អ្នកនាំពាក្យMcDaniel បាននិយាយថា “នៅពេលដែលDale Chorman និងមិត្តរបស់គាត់កំពុងដើរកាត់បរិវេណនោះ ដើម្បីរកមើលកូនប្រើសដែលទើបនឹងកើតចំនួនពីរក្បាលនោះ ស្រាប់តែមេរបស់វាបានចេញមកវាយប្រហារលើបុរសរងគ្រោះ Daleភ្លាមៗ” ។

អ្នកនាំពាក្យMcDaniel បញ្ជាក់ថា បុរសដែលជាមិត្តបស់ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណជាសាធារណៈនោះទេ ហើយគាត់មិនមានរងរបួសនោះឡើយ ។

មិត្តរបស់គាត់មិនបានឃើញហេតុការណ៍ដោយផ្ទាល់នឹងភ្នែកអំពីការវាយប្រហារដោយមេប្រើសនេះនោះទេ ដូច្នេះអ្នកនាំពាក្យរបស់អាជ្ញាធរក៏មិនអាចមានព័ត៌មានជាក់ស្តែងនៅនឹងកន្លែងកើតហេតុដើម្បីបញ្ជាក់បន្ថែមថាតើមេប្រើសនេះបានវាយប្រហារលើលោក Chorman ដោយរបៀបណាដែលបង្កឲ្យគាត់ស្លាប់ឬក៏ដោយសារការវ័ធនឹងស្នែង ឬក៏យ៉ាងណានោះគឺនៅតែមិនអាចសន្និដ្ឋានបាន។

យោងតាមប្រភពមកពីកងកម្លាំងល្បាតរដ្ឋអាឡាស្កាបានថ្លែងនៅក្នុងសារដែលបានបង្ហោះតាមអ៊ីនធឺណិតបានឲ្យដឹងថាពេទ្យបានប្រកាសថា លោក Chorman Daleបានស្លាប់នៅនឹងកន្លែងកើតហេតុ។

នៅក្នុងឆ្នាំ ១៩៩៥ សត្វប្រើសយក្សបានវាយប្រហារលើបុរសអាយុ ៧១ ឆ្នាំម្នាក់រហូតដល់ស្លាប់នៅពេលដែលគាត់កំពុងព្យាយាមចូលទៅក្នុងអគារមួយនៅក្នុងបរិវេណនៃសាកលវិទ្យាល័យ Alaska Anchorage ។
សាក្សីបាននិយាយថា សិស្សសាលាបានបោះបាល់ព្រិលទៅប៉ះសត្វប្រើសនោះហើយវាក៏ផ្អើលយ៉ាងខ្លាំងនៅពេលដែលបុរសនោះព្យាយាមដើរកាត់ហ្វ៊ុងរបស់វា។

សត្វប្រើសមួយហ្វូងមានចំនួនរហូតដល់ ២០០,០០០ ក្បាលនៅរដ្ឋអាឡាស្កា ជារដ្ឋដែលមានប្រជាជនប្រហែល ៧៣៧,០០០ នាក់។

យោងតាមគេហទំព័ររបស់នាយកដ្ឋានអភិរក្សរបស់រដ្ឋ បានឲ្យដឹងថា សត្វប្រើសជាធម្មតាមិនបៀតបៀនមនុស្សទេក៏ប៉ុន្តែវាអាចក្លាយទៅជាំកាចសាហាវបានប្រសិនបើមានការបង្កហេតុពីមនុស្ស។
នាយកដ្ឋានបាននិយាយថា សត្វប្រើសមួយក្បាលនឹងប្រឹងការពារកូនវាយ៉ាងខ្លាំងដូច្នេះវាអាចវាយប្រហារមនុស្សដែលចូលមកជិតកូនវាពេក។

អ្នកនាំពាក្យMcDaniel បាននិយាយថា “យើងចង់ផ្តល់ទីជម្រកឲ្យបានធំជាងនេះបន្ថែមទៀតសម្រាប់ហ្វូងប្រើសដែលរស់នៅក្នុងតំបន់នេះ” ។ “មេប្រើសដែលមានកូនតែងតែមានចរិតកាចសាហាវជាងគេចូរប្រុងប្រយ័ត្នប្រសិនបើចង់ទៅជិតកូនៗរបស់វា”។

លោកបាននិយាយថា មនុស្សមិនគួរធ្វើឲ្យសត្វផ្អើល ឬធ្វើឲ្យមេវារបស់វាក្លាយជាកាចសាហាវដោយសារតែការចង់ទៅជិតកូនៗរបស់វានោះទេ។

លោក McDaniel បានបន្តថា “សត្វប្រើសទាំងនោះអាចផ្អើលហើយកាចសាហាវរកស្មានមិនត្រូវជាមុននោះទេព្រោះតែដើម្បីការពារកូនៗរបស់ពួកវាទោះនៅក្នុងតម្លៃណាក៏ដោយ” ។

សត្វប្រើសធំជាងគេក្នុងចំណោមគ្រួសាររបស់ពួកវានោះគឺប្រើសឈ្មោលហើយសត្វប្រើសញីដែលពេញវ័យអាចមានទម្ងន់ដល់ទៅ ៨០០ ផោន ខណៈដែលប្រើសឈ្មោលពេញវ័យអាចមានទម្ងន់លើសពី ២ ដង នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីអភិរក្ស (Fish and Game) ៕