សន្ដិសុខសង្គម

 រន្ទះបាញ់ចំមនុស្សស្លា.ប់២នាក់និងរបួសធ្ងន់ ស្រាល៥ នាក់ខណ:ព្រោះស្រូវពេលមេឃភ្លៀង

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ភ្លៀងរលឹម ប៉ុន្តែបែរជាលាយឡំជាមួយផ្គររន្ទះបានបាញ់ចំមនុស្សបង្កស្លាប់២នាក់ ៣នាក់រងរបួសធ្ងន់និង ២ នាក់ទៀតរងរបួសស្រាល ។ គ្រោះធម្មជាតិនោះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចត្រពាំងតាង៉ឹន ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងនាថ្ងៃទី២០ខែឧសភាថា ជនជនរងគ្រោះស្លាប់២នាក់៖ ១-ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ  ។២-ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ។ចំណែក៥នាក់របួសធ្ងន់ស្រាល : ១-ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ  របួសធ្ងន់ ។២-ឈ្មោះ បិន រ៉ា ភេទប្រុស  អាយុ៤០ឆ្នាំរបួសធ្ងន់។ ៣-ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ ។
៤.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ ។៥-ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ ៤៩ឆ្នាំ ។
ជនរងគ្រោះទាំងអស់ជាកសិករមានលំនៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ។

លោកបានអោយដឹងបន្តថា: នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៧នាក់បានទៅព្រោះស្រូវនៅ ចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិល។ ប៉ុន្តែ មាន ផ្គររន្ទះយ៉ាងខ្លាំង ។ ដោយភ័យខ្លាច ក្រុមជនរងគ្រោះបានរត់ទៅជ្រកភ្លៀងនៅក្រោមម្លប់ដើមស្តៅ ក៏ត្រូវរន្ទះភ្លើងបាញ់ដូចគ្រាប់កាំភ្លើងធំទៅចំចង្កោមមនុស្សទាំងអស់គ្នាតែម្តង បណ្ដាលឲ្យ២នាក់ស្លាប់នៅនឹងកន្លែង ៣នាក់ រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាលដូចមានឈ្មោះនិងលំនៅឋានខាងលើ ។

គួររំលឹកថា នៅស្រុកភ្នំស្រុក កាលពីដើមខែនេះ នៅឃុំស្ពានស្រែងស្រុកនេះដែរ មានករណីរន្ទះបាញ់ងាប់គោ៣ក្បាលដែលជារបស់ម្ចាស់៣នាក់ផ្សេងគ្នាដែរ ។ឥឡូវនេះ បង្កស្លាប់២នាក់ របួស៥នាក់ទៀត ៕