សេដ្ឋកិច្ច

កម្ពុជា កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦

ដោយៈសិរីមតី
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ទាក់ទងនឹងហិរញ្ញប្បទាន ការវិនិយោគ កម្មសិទ្ធិបញ្ញា ការគ្រប់គ្រងគ្រឿងញៀន ជំនាញវិជ្ជាជីវៈ និងកែលម្អផ្លូវជនបទ។


ពិធីចុះហត្ថលេខាបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤ ក្រោមវត្តមានសម្តេចអគ្គមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈយោគយល់គ្នាទាំង ៦ មានដូចជា៖

១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហិរញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។
៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។
៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។
និងទី៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ៕