សន្ដិសុខសង្គម

រកឃើញសពប៉ូលិសស្រីម្នាក់ដែលលោតពីលើស្ពានសេកុង

ដោយ÷សុខុម
ស្ទឹងត្រែង÷មកដល់ម៉ោងជាង៩ព្រឹកថ្ងៃទី១៦ឧសភា២០២៤នេះ សាច់ញាតិនិងសមត្ថកិច្ចបានរកឃើញសពស្រ្តីម្នាក់ដែលជានគរបាលសណ្តាប់ធ្នាប់ក្រុងស្ទឹងត្រែងហើយ។

កាលពីថ្ងៃត្រង់ទី១៥ឧសភាម្សិលមិញ នគរបាលម្នាក់ឈ្មោះអាយ ធារ៉ា អាយុ៣២ឆ្នាំ បានជិះរថយន្តម៉ាកហាយព្រីដមួយគ្រឿងមកឈប់លើស្ពានសេកុងរួចហើយក៏បានលោតចុះទៅក្នុងទឹកដោយពុំមានអ្នកដឹង។

បន្ទាប់ពីមានគេឃើញរថយន្តចតចោលនៅលើស្ពានក៏មានការភ្ញាក់ផ្ញើលដល់សមត្ថកិច្ចចុះទូកតាមរក ដោយឱ្យមនុស្សជ្រមុជទឹករកក្នុងបាតទន្លេនិងបង់សំណាញ់នៅតែរកមិនឃើញ។លុះមកដល់ម៉ោងជាង១០ ព្រឹកថ្ងៃទី១៦ឧសភា ទើបប្រទះឃើញសាកសពអណ្ដែតទឹក។

ជុំវិញរឿងនេះ សមត្ថកិច្ចមិនអាចបញ្ជាក់អំពីមូលហេតុដែលមន្រ្តីនគរបាលស្រីម្នាក់បញ្ចប់ជីវិតដោយវិធីលោតទឹកនោះបានឡើយ។ ប៉ុន្តែបើតាមការឲ្យដឹងពីសាច់ញាតិថា ឈ្មោះអាយ ធារ៉ា មានវិបត្តិផ្លូវចិត្ត ហើយនាងទើបតែឆ្លងទន្លេត្រឹមពីរខែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា មហាជននៅតែមានចម្ងល់ទៅលើករណីខាងលើនេះ។ជាពិសេសអ្នកខេត្តស្ទឹងត្រែងដែលបានស្គាល់នាងថាជាមនុស្សស្លូតបូត រួសរាយរាក់ទាក់បម្រើការងារល្អនៅក្នុងអង្គភាពទៀតផង៕