សន្ដិសុខសង្គម

ចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទ៤នាក់ពីបទបំផ្លាញទ្រព្យសម្បត្តិនិងធ្វើចរាចរអាវុធ

ដោយ ៖ កំចាយ

កំពត÷ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ៤នាក់ក្រោមបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តឡើងនៅចំណុចមុខមន្ទីពេទ្យរស្មីឈូក ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

បន្ទាប់ពីតុលាការសម្រេចដូចខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធរិទ្ធ បានបង្ហោះសារក្នុងគណនីផ្លូវការរបស់ស្នងការដ្ឋានខេត្តកំពតថា ក្រុមបងធំនៅស្រុកឈូកដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូប្រជាពលរដ្ឋនៅស្រុកឈូកកាលពីថ្ងៃទី៨ ខែឧសភា ត្រូវបានតុលាការចេញដីការឃុំខ្លួនដើម្បីវិនិច្ឆ័យទោសនាពេលក្រោយ។

(វត្តុតាងមធ្យោបាយជិះធ្វើសកម្មភាព)

តាមរយ:គណនីហ្វេសប៊ុកដដែល លោកស្នងការបានផ្តាំផ្ញើថា ឈប់បានឈប់ទៅប្អូនៗ សមត្ថកិច្ច និងច្បាប់មិនអនុគ្រោះឱ្យពួកប្អូននោះទេ។ ប្អូនៗមានសិទ្ធិសេរីភាពហើយគួរណាស់ធ្វើជាពលរដ្ឋល្អក្នុងសង្គម និងមិនត្រូវធ្វើអ្វីដែលច្បាប់ហាមឃាត់ឡើយ។ ប្អូនៗផ្សេងទៀតកុំចង់សាកល្បងអី ព្រោះមិនរួចខ្លួនទេ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ សម្រាកហូបបាយផ្ទះជួបជុំគ្រួសារប្រសើរជាងនៅកន្លែងឃុំឃាំង។

សូមរម្លឹកថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យុវជនមួយក្រុមបានប្រើកាំបិតកាប់ម៉ូតូអ្នកដទៃនៅក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ព្រោះតែធ្លាប់មានទំនាស់នឹងគ្នា។ ក្រោយទទួលព័ត៌មាននេះ កម្លាំងនគរបាលស្រុកឈូកបានចុះអន្តរាគមន៍ និងដេញតាមរហូតដល់ភូមិនារាយណ៍ ឃុំនារាយណ៍ និងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូករហូតឃាត់ខ្លួនក្រុមជនសង្ស័យបាន៤នាក់ រួមមាន ១. ឈ្មោះ អ៊ុង វាសនា អាយុ ១៩ឆ្នាំ។ ២.ឈ្មោះ ថន សុភ័ក្រ្ត អាយុ ២៣ឆ្នាំ។ ៣. ឈ្មោះ ង៉ែត លាភ អាយុ ១៨ឆ្នាំ។ ទាំង៣នាក់រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ៤. ឈ្មោះ ឆាន់ ទីន អាយុ ១៩ឆ្នាំ រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងនោះ សមត្ថកិច្ចក៏ដកហូតបាននូវម៉ូតូចំនួន៣គ្រឿងដែលពួកគេជិះធ្វើសកម្មភាពទៀតផង។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលស្រុកឈូកបានបញ្ជូនជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ត៕