ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកបណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជានិងប្រតិភូចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តនិងសហការី នៅសាលប្រជុំ ខ សាលាខេត្ត ។
មន្ត្រីសាលាខេត្តអោយដឹងកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៤ ថា: ក្នុងជំនួបនោះ លោកទូតនៃប្រទេសមានប្រជាជនច្រើនជាងគរលំដាប់ទី៣ក្នុងលោក រូបនេះបានបង្ហាញគោលបំណងថា ទី១- លោកបានបំពេញការងារទូតនេះ៨ខែហើយៗសូមមកណែនាំខ្លួន។ទី២-ស្នើធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានិងដោយឡែកខេត្តបន្ទាយមានជ័យ។ទី៣-ស្នើអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធជួយថែរក្សា ការពារសន្តិសុខ សុវត្ថិភាពនិងបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋឥណ្ឌូណេស៊ីជាង២៤០០នាក់ដែលបាននឹងនិងកំពុងរស់នៅនិងប្រកបរបររកស៊ីនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ទី៤-ថ្លែងការអរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជាដែលបានបង្កលក្ខណ:អោយពលរដ្ឋឥណ្ឌូណេស៊ីបានចូលរួមបោះឆ្នោត(ពីចម្ងាយ តាមច្បាប់បោះឆ្នោតខ្លួន)សាកលជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងមក។
បន្ថែមលើនោះ លោកទូតក៏បញ្ជាក់ពីការដែលគ្រួសារមានកូនច្រើនឬប្រទេសមានពលរដ្ឋច្រើនថា មានមនុស្សច្រើនបញ្ហាក៏មានច្រើន ការលំបាកក៏មានច្រើនលើការគ្រប់គ្រង។ ក្នុងនោះលោកថា ជនជាតិឥណ្ឌូណេស៊ីចូលចិត្តជិះម៉ូតូធំ ក៏និយមមានដៃគូស្នេហាឬសង្សារជាជនបរទេស ហេតុនេះលទ្ធភាពឆ្លងជំងឺកាមរោគ មេរោគអេដស៍ ការលួចប្រើប្រាស់គ្រឿងញៀនក៏មាន។ ហេតុនេះ សូមអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាជួយត្រួតពិនិត្យសុខភាពនិងព្យាបាលជំងឺជូនផង ។ល។
លោកង៉ោ ម៉េងជ្រួន បានឆ្លើយតបថា អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាបានផ្តល់នូវការយកចិត្តទុកដាក់និងភាពកក់ក្តៅដល់គ្រប់ជនអន្តោប្រវេសន៍និងភ្ញៀវទេសចរបរទេសទាំងឡាយ ដោយមិនរើសអើងឡើយ។ ហេតុនេះ ខេត្តនឹងបន្តបង្កលក្ខណ:ងាយស្រួលនិងកិច្ចសហប្រតិបត្តិជាមួយស្ថានទូត ក៏ដូចពលរដ្ឋឥណ្ឌូណេស៊ីដែលស្នាក់នៅនិងប្រកបរបររកស៊ីនៅ់ក្រុងប៉ោយប៉ែតទាំងលើសន្តិសុខ សុវត្ថិភាព សុខភាព និងលើកទឹកចិត្តអោយបុគ្គលម្នាក់ៗស្ម័គ្រចិត្តទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យបង្អែកក្រុងដែលជិតកន្លែងស្នាក់នៅដើម្បីរកមេរោគអេដស៍និងជំងឺផ្សេងៗដែលជាការបង្ការ ការពារសុវត្ថិភាពចំពោះសាមីជន ក៏ដូចជូនពលរដ្ឋឥណ្ឌូណេស៊ី ពលរដ្ឋកម្ពុជានិងជនបរទេសផ្សេងទៀត និងក៏សូមអោយទាំងអស់គោរពច្បាប់។
លោកអភិបាលរងខេត្តក៏អំពាវនាវដល់លោកទូតឥណ្ឌូណេស៊ីជួយជំរុញទេសចរនិងអ្នកវិនិយោគឥណ្ឌូណេស៊ីមកកម្ពុជា៕