ដោយ៖ ប្រសិទ្ធ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគធំៗចំនួន២២ ដែលមានទុនប្រមាណជាង ៣០៩លានដុល្លាអាម៉េរិកនៅក្នុងខែមេសា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៤។
គម្រោងវិនិយោគដ៏មានសក្តានុពល ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនាពេលថ្មីៗនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើនជាលំដាប់។ គម្រោងវិនិយោគដែលប្រើប្រាស់ទុនប្រមាណជាង ៣០៩លានដុល្លាសហរដ្ឋអាម៉េរិក នឹងបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើ ប្រមាណជាង ២៣ ០០០នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកគម្រោងនេះជាពីរតំបន់ធំៗរួមមាន៖ តំបន់ក្រៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។
គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៤ គម្រោង ដែលជាគម្រោងផលិតស្រោមជើង ស្រោមដៃ កន្សែងបង់ក មួក និងស្បែកជើងពាក់ក្នុងផ្ទះ។ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លាអាម៉េរិក និងអាចបង្កើតការងារដល់ប្រជាជនប្រមាណ ២ ០០០ នាក់។
ក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងកែច្នៃអាលុយមីញ៉ូម ប្រើទុនវិនិយោគប្រមាណជាង ៦០លានដុល្លាអាម៉េរិក បង្កើតការងារបានចំនួន ២៣៧កន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រះសីហនុ។ គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ដោយប្រើទុនវិនិយោគប្រហែលជាង ៣៥លានដុល្លាអាម៉េរិក បង្កើតការងារបានចំនួន ២៥៣កន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងគម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ដោយប្រើប្រាស់ទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លាអាម៉េរិក និងបង្កើតបានការងារបន្ថែមចំនួន ៥៤២កន្លែង។
(CDC) បានបញ្ជាក់ថា នៅក្នុងខែមេសានេះ ការវិនិយោគមកក្នុងប្រទេសកម្ពុជា គឺប្រទេសចិន ជាប់លំដាប់ថ្នាក់លេខ១ ដែលបានដាក់ទុនវិនិយោគរហូតដល់ ៩៨% នៃទុនវិនិយោគសរុប។ បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានឱ្យដឹងបន្ថែមទៀតថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ៕