ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណចំពោះលោក លី ហុង ដែលផ្តល់មីម៉ាម៉ា

ដោយ ៖បន្ទាយ
ភ្នំពេញ ៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ ក្នុងនាមក្រុមសេនាសន្តិភាព លោក លី ហុង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន ៥០កេសធំ ស្មើនឹង ៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

នេះបើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីរសៀលថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២៤ ។ អំណោយនេះគឺដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកលី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលកក់ក្តៅនិងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកដែលតែងតែមានចិត្តសប្បុរស​ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕