សន្ដិសុខសង្គម

ករណីធ្លាយ(ឧស្ម័ន)អាម៉ូញាក់នៅរោងចក្រផលិតទឹកកកអនាម័យ«គឹមជិ» នាក្រុងសិរីសោភ័ណ ៖ ជួយសង្គ្រោះនិងគ្រប់គ្រងបាន

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ករណីឧបទ្ទវហេតុធ្លាយ(ឧស្ម័ន)អាម៉ូញាក់នៅរោងចក្រផលិតទឹកកកអនាម័យដ៏ធំមួយយីហោ’គឹមជិ’ នាផ្លូវលេខ៥ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណជ ខេត្តបន្ទាយមានជ័យ គេសង្គ្រោះមនុស្សនិងគ្រប់គ្រងសភាពការណ៍បានទាន់ពេល។

ករណីនេះនៅម៉ោង១រសៀលថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៤ ហើយប្រមាណ២ម៉ោងប្លាយ ក៏គ្រប់គ្រងបានទាំងស្រុង។

ក្នុងនោះគេបានឃើញមន្ត្រីអាជ្ញាធរដែនដី ដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ។ចំណែកកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ អធិការដ្ឋានក្រុងសិរីសោភ័ណ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីរ៉ែម វីរ: ស្នងការរង ទទួលផែនសេនាធិការ ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអគ្គីភ័យនិងអាវុធជាតិផ្ទុះ និងកងរាជអាវុធខេត្ត ដឹកនាំដោយមេបញ្ជាការរង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង សង្កាត់និងអ្នកពាក់ព័ន្ធបានប្រើប្រាស់មធ្យោបាយនិងកម្លាំងជួយសង្គ្រោះមនុស្ស បាញ់ទឹកនិងឈានទៅគ្រប់គ្រងបានវិញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចថា ករណីនោះ គឺបានលេចធ្លាយអាម៉ូញាក់(NH4)(ធាតុប្រើសម្រាប់ធ្វើអោយចុះត្រជាក់និងបង្កកទឹក) បង្កជាក្លិនឈួលឈ្លក់ដល់កច្រមុះនិងភ្នែក ។

ក្នុងប្រតិបត្តិការសង្គ្រោះ គេបាននាំចេញដោយសុវត្ថិភាពមនុស្សយ៉ាងតិច៤នាក់ដែលមើលទៅបានរងការឈ្លក់ក្លិន ហើយគ្រូពេទ្យនិងរថយន្តគិលានសង្គ្រោះក្រុងសិរីសោភ័ណបាននាំចេញទៅមន្ទីរពេទ្យ។

រីឯប្រតិបត្តិការបន្សាបការបំភាយអាម៉ូញ៉ាក់វិញកម្លាំងនគរបាលខេត្ត ផែនផែនការងារគ្រប់គ្រងអគ្គិភ័យនិងអាវុធជាតិផ្ទុះ អធិការដ្ឋានក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿងនិងទឹកជាច្រើនក្នុងការបាញ់ទឹកបន្សាបការបំភាយ។

ទីបំផុត ក៏គ្រប់គ្រងបានទាំងស្រុង ដោយគ្រាន់តែខូចខាតរបស់ខ្លះនិងសង្គ្រោះបានជីវិតមនុស្សរងគ្រោះទាំងស្រុង ។

ម្ចាស់សិប្បកម្មទឹកកកគឹមជី បានប្រាប់ថា :(ឧស្ម័ន)អាម៉ូញ៉ាក់បានលេចធ្លាយ មិនអាចបង្កឆេះ ឬប៉ះពាល់សុខភាពអ្វីឡើយ។ ប៉ុន្តែ ត្រូវមានការពាក់របាំងការពារនិងមធ្យោបាយផ្សេង។ក្នុងនោះផ្នែកជំនាញបានអង្កេតរកមូលហេតុនិងជួសជុលឡើងវិញ ៕