ដោយ៖ស-សម្បត្តិ
ការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវីធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហេ្វសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ដោយមានការចូលរួមពីលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យ ផងដែរ។
លោកអនុប្រធាននាយកដ្ឋានបានបន្ថែមទៀតថា ជាក់ស្ដែងចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ មានការលើកលែងនិងការអនុគ្រោះជាច្រើនដូចខាងក្រោម៖
ករណីលើកលែងពន្ធ
ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មសលក្ខណៈគ្រួសារ។
ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងវង្វង់ញាតិ៖
១. ការធ្វើសន្តតិកម្ម
– រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-បង្កើត និងចៅបង្កើត
– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
២. ការធ្វើប្រទានកម្មលើកទី១
– រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-បង្កើត និងចៅបង្កើត
– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តា ទៅឱ្យចៅបង្កើត និងចៅប្រសាដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ។
ឃ. ទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តការបចេ្ចកទេសរបស់រដ្ឋាភិបាលនានា។
ករណីអនុគ្រោះពន្ធ៖
អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀន ចំពោះការធ្វើប្រទានកម្មទ្រព្យដដែលចាប់ពីលើកទី២ទៅ សម្រាប់ការផ្ទេរ៖
– រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត
– រវាងប្ដី-ប្រពន្ធ
– រវាងយាយ-បង្កើត និងចៅបង្កើត
– ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសាដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
– ពីយាយ-តា ទៅឱ្យចៅបង្កើត និងចៅប្រសាដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
សូមបញ្ជាក់ផងដែរថា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ឬអចលនទ្រព្យត្រូវបានអនុវត្តន៍នៅពេលដែលមានការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ តាមរូបភាពទិញ- លក់ ដោះដូរ ធ្វើអំណោយ ឬការដាក់ជាភាគហ៊ុននៅក្នុងក្រុមហ៊ុនចំពោះចលនទ្រព្យ ឬអចលនទ្រព្យ។ អ្នកជាប់ពន្ធមានពេលវេលាចំនួន ៣ ខែ ដើម្បីដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ ដោយគិតចាប់ពីកាលបរិច្ឆេទស្នើសុំផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូនរបស់មន្ទីរសាធារណការនិងដឹកជញ្ជួន ចំពោះចលនទ្រព្យ ឬគិតចាប់ពីថ្ងៃចេញដីកាបញ្ជូនរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕