ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្រ្គោះ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ÷ ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀង បានធ្វើនៅរសៀលថ្ងៃទី០១  ខែឧសភា  ឆ្នាំ២០២៤   ដែលមានលោកឧត្តមសេនីយ៍ត្រី  វង្ស  ធី  មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  និងលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី  ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព  ។

ក្នុងពិធីនោះដែរមានការឣញ្ជើញចូលរួមពីគ្រូឧទ្ទេសនាមជាច្រើនរូបនិងសិក្ខាកាមកងរាជអាវុធហត្ថខេត្តនៃវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះពីខេត្តបន្ទាយមានជ័យជាម្ចាស់ផ្ទះចំនួន៧៦នាក់និងពីសិក្ខាកាមមកពីខេត្តស្វាយរៀង៤០នាក់។

លោកឧត្តមសេនីយ៍ត្រី  វង្ស  ធី  ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត  ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង  មេរៀន  ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ។

ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គិភ័យ  តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ  ដោយស្មារតីទទួលខុសត្រូវ  និងគោរពវិន័យបានល្ឣ។

ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ ត្រី  វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត  ត្រូវយកចំណេះជំនាញទាំងអស់នេះ  ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ  ជាពិសេសគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើង។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោសឿ  រិទ្ធី  ឣនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់ឣគ្គិភ័យនិងសង្គ្រោះ នៃឣគ្គស្នងការនគរបាលជាតិ  បានបញ្ជាក់ឱ្យដឹងថា :  ក្នុងរយៈពេល ០៣ថ្ងៃនេះ គ្រូឧទ្ទេសនាមបានធ្វើបទបង្ហាញនូវមេរៀនចំនួន ៥៖

១-បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងអគ្គិភ័យ,  ២-នីតីវិធីបង្ការអគ្គិភ័យ និងការសង្គ្រោះ,  ៣-តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ,  ៤-បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ,  ៥-បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ  (ការពន្លត់អគ្គិភ័យលើសារធាតុរឹង,  ការពន្លត់អគ្គិភ័យលើសារធាតុរាវ, ការពន្លត់អគ្គិភ័យលើឧស្ម័ន,  សំណង់អគារច្រើនជាន់)។ល។

លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល នេះ ដើម្បីឱ្យសិក្ខាកាមសិក្សាឈ្វេងយល់ នូវអ្វីដែលជាចំណេះដឹងក្នុងការហ្វឹកហាត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ  អនុវត្តទាំងបាញ់ដោយថ្មើរជើង  និងលើរថយន្តអគ្គិភ័យផងដែរ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី  ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យនៅក្នុងរដូវក្តៅនេះ  អភ្គិភ័យអាចនិងងាយកើតមានឡើងបើងយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រើប្រាស់ធូប  ទៀន  អគ្គិសនី  ឬហ្គាសជាដើម ៕